ស្វីស៖ បន្ទាប់ពីចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅពេលនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ បានត្រៀមចាកចេញពីប្រទេសស្វីសមកកាន់កម្ពុជាវិញហើយដែលនឹងមកដល់កម្ពុជាដែលតាមគម្រោងសម្ដេចតេជោនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែឧសភា។ នេះបើតាមការបញ្ជាក់ក្នុងសារសំឡេងពិសេសរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ។
សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចកំពុងរៀបចំធ្វើដំណើរដោយរថយន្តចាកចេញពីទីក្រុងដាវូស ទៅកាន់ទីក្រុងហ្សូរីច ប្រទេសស្វីស ដើម្បីធ្វើដំណើរតាមយន្តហោះពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះមកកាន់កម្ពុជាវិញ។ សម្ដេចឱ្យដឹងបន្ថែមថាក្នុងពេលធ្វើដំណើរយន្តហោះពិសេសនឹងចូលចតចាក់សាំងនៅទីក្រុងតេអេរ៉ង់ ប្រទេសអេរ៉ង ម្ដងមុននឹងចេញដំណើរមកដល់កម្ពុជា។
សម្ដេចតេជោថា៖ «ដោយសារយើងមានភាពខុសគ្នាចំនួន៥ម៉ោង ខ្ញុំព្រះករុណាខ្ញុំនឹងចាកចេញពីទីក្រុងហ្ស៊ូរីច នៅម៉ោងប្រមាណ៩ព្រឹក ដែលត្រូវនឹងម៉ោងប្រមាណ២រសៀលម៉ោងនៅកម្ពុជា»។
សម្ដេចបានថ្លែងអំណរគុណដល់ជនរួមជាតិខ្មែរដែលរស់នៅសហភាពអឺរ៉ុបក៏ដូចជាអង់គ្លេសដែលបានធ្វើដំណើរមកទទួលសម្ដេចនៅទីក្រុងហ្ស៊ូរីចប្រទេសស្វីសកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយសម្ដេចបានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋនៅតំបន់នេះគាំទ្រដល់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្ឃឹមថានឹងអាចវិលត្រលប់មកជួបពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុបជាថ្មីម្ដងទៀតនៅក្នុងខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច ក្នុងឱកាសអបអរខួប៤៥ឆ្នាំ នៃទំនាក់ទំនងអឺរ៉ុប-អាស៊ាន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅប្រទេសស្វីសកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្នុងពេលចូលរួមវេទិការនោះសម្ដេចតេជោ មានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕