សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នេះពាក់ព័ន្ធការកែច្នៃសារធាតុញៀននិងរឹបអូសគ្រឿងញៀនជាង ៨០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបើកប្រតិបត្តិការចុះបង្រ្កាបកន្លែងស្តុកសារធាតុញៀនចំនួន ៣កន្លែងដែលមានករណីជាប់ពាក់ព័ន្ធគ្នានៅរាជាធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយរឹបអូសបានវត្ថុតាងសារធាតុញៀននិងសារធាតុផ្សំសរុបចំនួន ៨៦គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួនបីនាក់។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃពុធ ទី១៨ ខែឧសភា នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងនៅកន្លែងស្តុកទុកនិងកែច្នៃសារធាតុញៀនចំនួន ៣កន្លែង ដែលជាករណីពាក់ព័ន្ធគ្នា។ ចំណុចទី១ គឺស្ថិតនៅខុនដូបុរីប៉េងហួត (បឹងស្នោរ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណុចទី២ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន ៣នាក់ មានអាយុ ២៧ឆ្នាំ ៣១ឆ្នាំ និង៤២ឆ្នាំ។ ជាមួយគ្នានេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងសារធាតុញៀនសរុបទាំងអស់មានទម្ងន់ជាង ៣០គីឡូ មានដូចជា ហេរ៉ូអ៊ីនទម្ងន់ជាង ៣គីឡូក្រាម ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ជាង ៤គីឡូក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់ជិត១០គីឡូក្រាម មេតំហ្វេតាមីន (WY) ទម្ងន់ជាងកន្លះគីឡូ កេតាមីន (Ketamine) ទម្ងន់ជិត ៨គីឡូក្រាម សារធាតុរាវ (Ketamine) ចំនួន ២១៥ដប ស្មើនឹងជាង ២គីឡូគ្រាម ថ្នាំគ្រាប់នីមេតាហ្សេប៉ាមទម្ងន់ជិត ៣គីឡូក្រាម។ ក្រៅពីនេះនៅមានសារធាតុផ្សំសរុបជាង ៥៦គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕