ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រោងចក្រអនៀនចាប់ផ្ដើមផលិតកម្មម៉ូតូ និងម៉ូតូកង់បីអគ្គិសនីជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជាមានរោងចក្រដំឡើងម៉ូតូ និងម៉ូតូកង់បីអគ្គិសនីជាលើកដំបូង ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង ២០លានដុល្លារ និងផ្តល់ឱកាសការងារជាង ៥០០កន្លែងនៅក្នុងឆ្នាំ២០២៥ ហើយរោងចក្រមួយនេះនឹងជួយកម្ពុជាឲ្យឈានទៅរកការអភិវឌ្ឍបៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ២០៥០។

រោងចក្រដែលវិនិយោគដោយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក ដែលសម្ពោធនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប រួមជាមួយអ្នកវិនិយោគទុនពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុងនិងក្រៅស្រុក របស់ក្រុមហ៊ុន។

ពិធីសម្ពោធនេះបានធ្វើឡើងនៅរោងចក្រអនៀន ម៉ូប៊ីលីធី ក្នុងទំហំផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ១ ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង ២០លានដុល្លារ និងកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់។

រោងចក្រនេះកំពុងជំរុញការផលិតឲ្យដល់ ៣ពាន់គ្រឿងតាមផែនការសម្រាប់ឆ្នាំ ២០២២-២០២៣ និងផ្តល់ឱកាសការងារឲ្យបានជាង ៥០០កន្លែងក្នុងផែនការឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រុមហ៊ុន MVL Energy Investment Company នៃក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Central ស្តីអំពីគម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូចដែលប្រើថាមពលអគ្គិសនី ដើម្បីជំរុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីលោក ខេ វ៉ូ (Kay Woo) បានឲ្យដឹងថាបច្ចុប្បន្ន ក្រុមហ៊ុនកំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។

លោកបន្តថា៖ «ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់យានជិះប្រើដោយថាមពលអគ្គិសនី»។

តាមការឲ្យដឹងរបស់ប្រធានក្រុមហ៊ុនរូបនេះ រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី អាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន១កន្លែង អនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន ៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។

គួរឲ្យដឹងថា កម្ពុជាកំពុងវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយ ដើម្បីឈានទៅរកការអភិវឌ្ឍបៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ២០៥០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក