អ.ស.ប៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវទេសន្តរប្រវេសន៍អន្តរជាតិ (International Migration Review Forum: IMRF) នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួចមកតំណាងប្រតិភូកម្ពុជាបានបញ្ជាក់ថាកម្ពុជាបានទទួលជោគជ័យ និងទទួលបានការកោតសរសើរពីអន្តរជាតិក្នុងកិច្ចប្រជុំមួយនេះ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីត្រលប់ពីចូលរួមកិច្ចប្រជុំនៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភាថា បទពិសោធន៍កម្ពុជាក្នុងការប្រឆាំងការជួញដូរមនុស្សត្រូវបានធ្វើឲ្យបណ្តាប្រទេសបរទេសអបអរសាទរ និងកោតសរសើរ។ទន្ទឹមនឹងនោះគណៈប្រតិភូនៃប្រទេស ក្រូអាត បង់ក្លាដេស កាណាដា ព្រុយណេដារូសាឡឹម បានស្នើសុំជួបជាទ្វេភាគី ដើម្បីបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាផងដែរ។
អ្វីដែលជាការកត់សម្គាល់របស់ពួកគេ គឺការដឹកនាំប្រទេសឲ្យរួចផុតពីគ្រោះមហន្តរាយដោយកូវីដ-១៩ បានឆាប់រហ័ស និងធ្វើឲ្យដំណើការសេដ្ឋកិច្ចសង្គម ប្រព្រឹត្តទៅបានដោយរលូនជាថ្មី។
វេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវទេសន្តរប្រវេសន៍អន្តរជាតិ (International Migration Review Forum: IMRF) ប្រព្រឹត្តិទៅមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកបានចូលរួម។
ក្នុងនាមជាប្រទេសជ័យលាភីមួយក្នុងចំណោមប្រទេស៣៣ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំ។ ក្នុងនោះបានផ្តោតលើប្រធានបទពាក់ព័ន្ធជុំវិញការអនុវត្តគោលបំណងអាទិភាពទាំង២៣ របស់កតិការសញ្ញាពិភពលោក ដែលរួមទាំងបទពិសោធន៍ល្អៗ ភាពប្រឈមដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឲ្យដំណើរការ នៃការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពី «ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់» ប្រព្រឹត្តិទៅបានជោគជ័យក្នុងការការពារ សិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍។
ក្នុងវេទិការនោះ តំណាងរាជរដ្ឋាភិបាលកម្ពុជាបានបន្តការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការ សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម៕