ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងពិភពលោកចាំបាច់ត្រូវលុបបំបាត់របាំងពាណិជ្ជកម្ម

ស្វីស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ» ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស លោករដ្ឋមន្ត្រីថា ភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះគឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN : Addressing Challenges Together)។

លោកក៏បានលើកឡើងពីសកម្មភាពរបស់កម្ពុជាក្នុងការសម្រួលពាណិជ្ជកម្មដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២២ វេទិកាវេទិការដ្ឋាភិបាល និងវិស័យឯកជន ប្រព័ន្ធគយ ASYCUDA ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងកំណែទម្រង់មួយចំនួន ដែលជួយពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិងសម្ភារៈពេទ្យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។

លោកបញ្ជាក់ថា កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ និងបានលើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ចសម្រួលពាណិជ្ជកម្មដើម្បីបង្កើត Electronic Advance Data ដ៏ពេញលេញមួយ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា។

រដ្ឋមន្ត្រីរូបនេះក៏បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ពាក់ព័ន្ធនឹងអនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញ ដូចជា "proof of non-manipulation" ឬ វិញ្ញាបនបត្របញ្ជាប់ប្រភពដើម ដែលឯកសារតម្រូវទាំងនេះ ធ្វើឱ្យការចំណាយកើនឡើងសម្រាប់អ្នកនាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបានលុបចោល និងជំនួសវិញដោយវិញ្ញាបនបត្របញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក