លោក ឯម ច័ន្ទមករា៖ ការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តអាចជួយសង្គ្រោះជនមានពិការភាពពីវិបត្តិធ្ងន់ធ្ងរ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ជំរុញឱ្យមានការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីផ្នែកបញ្ហាសុខភាពផ្លូវចិត្តដល់ប្រជាជនក្នុងសហគមន៍ ពិសេសសម្រាប់អ្នកមានពិការភាព ដើម្បីអាចស្វែងរកការព្យាបាលបានទាន់ពេល រកការជួយពីអ្នកចិត្តសាស្ត្រដើម្បីដោះសា្រយបញ្ហាកុំឲ្យកាន់តែធ្ងន់។ លោកថ្លែងបែបនេះក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលបទដ្ឋានអប្បបរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្រ្តីនិងក្មេងស្រីជារងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងក្នុងការគ្រប់គ្រងភាពតានតឹង នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែឧសភា។
លោក ឯម ច័ន្ទមករា បន្តថា៖ «ការជួយរកដំណោះស្រាយសម្រាប់បញ្ហាអ្នកជំងឺផ្លូវចិត្ត ការផ្តល់ប្រឹក្សាល្អៗ ការលើកទឹកចិត្ត ការណែនាំឲ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗគឺជាចូលរួមព្យាបាលដ៏ល្អសម្រាប់អ្នកជំងឺផ្លូវចិត្ត។»
លោកបន្តថាវិធីដែលល្អបំផុតជៀសវាងការកើតឡើងនូវជំងឺផ្លូវចិត្តនេះគឺកើតចេញពីខ្លួនយើងម្នាក់ៗ ដែលត្រូវមានការពេញចិត្តនូវអ្វីដែលខ្លួនឯងមាន ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង មិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះអ្នកជុំវិញខ្លួន មិនត្រូវដាក់សម្ពាធសម្រាប់ខ្លួនឯងឬក្រុមគ្រួសារ មិនត្រូវកំណត់គោលដៅក្នុងជីវិតរបស់ខ្លួនឲ្យហួសហេតុពេក។ ត្រូវមានតុល្យភាពរវាងការងារ ការសម្រាក និងត្រូវចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងជីវិតប្រចាំថ្ងៃជាដើម ហើយការផ្លាស់ប្តូរការគិតអវិជ្ជមានមកគិតវិជ្ជមានវិញគឺជាកត្តាមួយសម្រាប់ជួយយើងក្នុងការការពារជំងឺផ្លូវចិត្តផងដែរ។
លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានគាំទ្រវគ្គបណ្តុះបណ្តាលនេះដោយថាមានសារៈសំខាន់សម្រាប់ក្រុមការងារបញ្ច្របយេនឌ័រនៃក្រសួងសង្គមកិច្ច ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីយល់ដឹងបន្ថែមអំពីវីធីសាស្ត្រល្អៗសម្រាប់ការផ្តល់ប្រឹក្សាផ្លូវចិត្តដល់ស្រ្តីនិងកុមាររងគ្រោះ ក៏ដូចជាទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងអំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាព។
វគ្គបណ្តុះបណ្តាលបទដ្ឋានអប្បបរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្រ្តីនិងក្មេងស្រីជារងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងក្នុងការគ្រប់គ្រងភាពតានតឹងត្រូវបានរៀបចំឡើងដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ ឧបត្ថម្ភដោយស្ថានទូតអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដែលមានអ្នកចូលរួមចំនួន ៣០នាក់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
លេខាទីពីរនៃស្ថានទូតអូស្ត្រាលី លោក Connor Floyd ថាបញ្ហាសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេព្រងើយកន្តើយ ឬមានការយល់ខុស។ មនុស្សជាច្រើននៅតែមានអារម្មណ៍មិនស្រួលជាមួយនឹងបញ្ហានេះ ហើយចូលចិត្តទុកបញ្ហានេះចោល។
លោកថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងគួរតែដឹងថាបញ្ហាសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្តកំពុងប៉ះពាល់ដល់យើងភាគច្រើន ហើយក្នុងជីវិតរបស់យើង យើងទំនងជាប្រឈមមុខនឹងបញ្ហាបែបនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង។ […] គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ មិនមែនអាចធ្វើឱ្យអ្នកចូលរួមក្លាយជាអ្នកប្រឹក្សាជំនាញតែម្តងនោះទេ ប៉ុន្តែនឹងធ្វើការយល់ដឹងរបស់គាត់មានភាពប្រសើរឡើងពាក់ព័ន្ធនឹងបញ្ហារនេះ»។
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅលើបញ្ហាផ្លូវអារម្មណ៍ មានពិបាកចិត្តជាប់រហូត បាត់បង់ចំណង់ចំណូលចិត្តជាដើម។ បាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar មិនអាចបែងចែកដាច់ថាខុសគ្នា រវាងជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ ផ្សេងគ្នាបានទេ ដែលគេសំដៅលើដំណាក់កាលអារម្មណ៍ទៅលើទំនាក់ទំនងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំនួន ២ មានបាក់ទឹកចិត្ត និងឡប់សតិ។
មួយវិញទៀត ជំងឺបាក់ទឹកចិត្ត Unipolar មានតែសញ្ញាធ្លាក់ចុះផ្លូវអារម្មណ៍ ឬក៏សញ្ញាអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។ យ៉ាងណា ជំងឺបាក់ទឹកចិត្តត្រូវបានសមាគមវេជ្ជសាស្ត្រស្វែងយល់បានច្រើន ជួយឲ្យងាយស្រួលព្យាបាល តាមរយៈការប្រើប្រាស់ថ្នាំ និងព្យាបាលតាមការនិយាយចេញនូវបញ្ហា។
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ជាជំងឺផ្លូវចិត្ត មួយក្នុងចំណោមជំងឺផ្លូវចិត្ត ឧស្សាហ៍កើតញឹកញាប់បំផុត អង្គការសុខភាពពិភពលោក បានចេញផ្សាយកាលឆ្នាំ២០១០ ថាជំងឺបាក់ទឹកចិត្ត បានឈរនៅលើជំងឺផ្លូវចិត្តផ្សេងទៀតដែលឧស្សាហ៍កើតបំផុត៕
PHOTO: EAC NEWS