ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រី កើត រិទ្ធ៖ ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ត្រូវអនុវត្តច្បាប់វៀរចាកអគតិធម៌ទាំង៤

ត្បូងឃ្នុំ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឱ្យដឹងថាក្រសួងបានកំណត់យកឆ្នាំ២០២២ គឹជា «ឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌» ដោយថាមន្រ្តីក្នុងវិស័យយុត្តិធម៌ណាដែលខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អ ក្រសួងនឹងផ្តល់នូវការលើកទឹកចិត្តនានាជាពិសេសការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានានៅក្នុងវិស័យយុត្តិធម៌។ លោកថ្លែងបែបនេះក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំដល់មន្ត្រីយុត្តិធម៌ រាជអាជ្ញា ចៅក្រមទាំងអស់អនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានធានាឱ្យបាននូវភាពយុត្តិធម៌ និងត្រឹមត្រូវជូនប្រជាពលរដ្ឋ នៅគ្រប់ដំណើរនីតិវិធីរឿងក្តី ជាពិសេសនៅពេលជំនុំជម្រះក្តី ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់វៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ។

លោកថា៖ «ដូចដែលចៅក្រម-ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាននៅមុនពេលខ្លួនចូលកាន់មុខតំណែង ហើយត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមស្មារតី គោលការណ៍ និងអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ” ដែលបានដាក់ចេញនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនាពេលកន្លងមក បើទោះបីជាយុទ្ធនាការនេះត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យរួចហើយក៏ដោយ»។

លោករដ្ឋមន្ត្រីប្រាប់ឱ្យ ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥របស់នាយករដ្ឋមន្ត្រីគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។

លោកបានបន្ថែមឱ្យសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការងារស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួន។ ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក