ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការពារការចាក់វ៉ាក់សាំងដូសជំរុញទាំងអស់ គឺដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ឱ្យប្រជាពលរដ្ឋរស់នៅធម្មតាតាមបែបគន្លងថ្មី និងទប់ស្កាត់បានការីករាលដាលនៃជំងឺឆ្លងមួយនេះ។ នេះបើតាមការបញ្ជាក់ក្នុងសារសំឡេងពិសេសដែលលោកស្រីផ្ញើដល់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភា។
ក្នុងសារសំឡេងនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់បុគ្គលគ្រប់ៗរូប ដើម្បីជួយការពារដល់សរីរាង្គរបស់ប្រជាពលរដ្ឋក្នុងការការពារពីការវាយលុករបស់ជំងឺកូវីដ-១៩ រួមទាំង ពពួកបំប្លែងខ្លួនថ្មី និងជួយកាត់បន្ថយបាននូវអត្រាកាត់បន្ថយមរណភាពបានជាអតិបរមា»។
លោកស្រីបន្ថែមថា ថ្វីត្បិតតែជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ប៉ុន្តែប្រសិនបើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដូសទី៣ ដូសទី៤ ដូសទី៥ មិនបានអនុវត្តត្រឹមត្រូវតាមការកំណត់នោះទេ នោះប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់បុគ្គលនឹងមានការធ្លាក់ចុះ ដែលវានឹងបង្កហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ-១៩ ឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមិថុនា ខាងមុខដោយនៅតែបន្តការចាក់ដូសជំរុញ ទាំងដូសទី៣ ទាំងដូសទី៤ ជាបន្តបន្ទាប់ទៀតជូនប្រជាពលរដ្ឋផងដែរ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ក្នុងរដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ចំពោះបុគ្គលដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើង ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ការចាក់វ៉ាក់សាំងដូសទី៥នេះ គឺសម្រាប់បុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដែលមានគម្លាតចាប់ពី៣ខែឡើង។
ឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសទី៥ រួមមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសទី៥ ពោលគឺ ធានានូវគម្លាតរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី៤៕