ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្នុងខែមេសា និងឧសភា ឆ្នាំ២០២២ មានករណីអំពើហិង្សាយេនឌ័រកើតឡើងចំនួន៧០ករណី

ភ្នំពេញ៖ អង្គការអាកសិនអេដ ( ActionAid )បង្ហាញលទ្ធផលតាមដានលើការរាយការណ៍ព័ត៌មានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយក្នុងរយៈពេល២ខែ គិតចាប់ពីខែមេសាដល់ឧសភា ឆ្នាំ២០២២នេះ មានករណីអំពើហិង្សាយេនឌ័រចំនួន៧០ករណី ភាគច្រើនកើតឡើងទៅស្ត្រីនិងក្មេងស្រី។

លទ្ធផលតាមដានដែលត្រូវបានបញ្ហាឱ្យឃើញថា ការរាយការណ៍ព័ត៌មានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រមាន៦៩ករណីប្រព្រឹត្តដោយបុរសចំនួន៧២នាក់ និង១ករណីទៀតប្រព្រឹត្តដោយស្ត្រី។

អ្នករងគ្រោះដោយសារអំពើហិង្សាយេនឌ័រទាំង៧០ករណី មានស្ត្រី ចំនួន៤៨នាក់ ក្មេងស្រី ចំនួន២៧នាក់ និង បុរសចំនួនម្នាក់។

អំពើហិង្សាចំនួន៦៩ករណីដែលប្រព្រឹត្តដោយបុរស មាន៥១ភាគរយ ជាអំពើហិង្សាផ្លូវកាយ ៤៥ភាគរយ ជាអំពើហិង្សាផ្លូវភេទ និង ៤ភាគរយជាអំពើហិង្សាផ្លូវចិត្ត។

អង្គការដែលធ្វើការលើសមភាពយេនឌ័រមួយនេះ ក៏បានបង្ហាញលទ្ធផលតាមដានលើការរាយការណ៍ព័ត៌មានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទៅលើសារព័ត៌មានចំនួន ៩ស្ថាប័នផងដែរ។ លទ្ធផលបានសង្កេតឃើញថា សារព័ត៌មានទាំងនោះភាគច្រើននៅបន្តរាយការណ៍ដោយមិនការពារអត្តសញ្ញាណរបស់ជនរងគ្រោះ។ ក្នុងនោះការរាយការណ៍ភាគច្រើននៅមិនទាន់គិតគូរដល់ការផ្តល់ព័ត៌មាន ដែលរួមចំណែកក្នុងការបង្កើនការយល់ដឹង និងកែប្រែឥរិយាបថរបស់សាធារណៈជនដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។ ប៉ុន្តែគេក៏សង្កេតឃើញមាន «សារព័ត៌មានភាគច្រើនបានកែប្រែ ដោយមិនយកករណីអំពើហិង្សាលើស្ត្រីមករាយការណ៏បែបលេងសើច ឬបង្ហាញទស្សនៈបន្ទោសជនរងគ្រោះនោះឡើយ»។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមត្រួតពិនិត្យតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី លោកស្រី ប៊ុន ពុទ្ធី បានដឹកនាំកិច្ចប្រជុំមួយដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ ដោយមានប្រសាសន៍ថា ក្រសួងកិច្ចការនារីនិងក្រុមការងារតាមជំនាញនៅតែបន្តត្រួតពិនិត្យតាមដានការអនុវត្តន៍ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រីនិងកុមារ តាមគ្រប់រូបភាពនៅក្នុងសង្គម ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយ ជួយដល់ស្ត្រីតាមគ្រប់រូបភាព និងឱ្យពួកគេទទួលបានចំណេះដឹងសម្រាប់យកទៅអនុវត្តក្នុងក្រុមគ្រួសារ។

លោកស្រីបានបន្តថា តាមរយៈវឌ្ឍនភាពការងារ និងបទពិសោធន៍នៃការអនុវត្ត ព្រមទាំងបញ្ហាប្រឈមក្នុងការអនុវត្តការងារ អង្គប្រជុំបានពិនិត្យនិងសម្រេចលើឧបករណ៍តាមដានដើម្បីឆ្លើយតបទៅនឹងក្រមប្រតិបត្តិសម្រាប់រាយការណ៍អំពើហិង្សាលើស្រ្តីឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាលទ្ធផល អង្គប្រជុំសម្រេចឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សានិងសិក្សាអំពីការពង្រីកវិសាលភាពក្នុងការតាមដានសារព័ត៌មាន និងស្វែងរកដៃគូពាក់ព័ន្ធគាំទ្របន្ថែមទៀត។ អង្គប្រជុំក៏បានស្នើឱ្យមានការបញ្ចូលដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសលើកក្រោយ ព្រមទាំងធ្វើការសិក្សាដើម្បីកែសម្រួល និងបន្ថែមសមាជិកក្រុមការងារតាមដានការអនុវត្តក្រមនេះ។

ឆ្លើយតបនឹងរបាយការណ៍របស់អង្គការ Actionaid អង្គប្រជុំបានពិភាក្សានិងផ្តល់មតិយោបល់សម្រាប់ការដាក់ចេញនូវសកម្មភាពបន្ថែម ដោយឈរលើវឌ្ឍនភាព និងបទពិសោធន៍នានា ព្រមទាំងជំនះលើបញ្ហាប្រឈម ចំណុចខ្វះខាត និងការវិវឌ្ឍនានានៅក្នុងសង្គម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក