ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា៖ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់ជនមានពិការភាព គឺជាអទិភាពដែលរាជរដ្ឋាភិបាលតែងតែគិតគូ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា លើកឡើងថា ជនមានពិការភាពតែងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទំនើបកម្មកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងបង្ខិតកម្មវិធីឱ្យកៀកជិតជនមានពិការភាពស្របតាមតម្រូវការទីផ្សារការងារ។ លោក ឯម ច័ន្ទមករា ថ្លែងបែបនេះក្នុងពេលបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពី «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នសម្រាប់ជនដែលមានពិការភាព» នាថ្ងៃច័ន្ទ ទី២៣ ខែឧសភានេះ។

លោក ឯម ច័ន្ទមករា បន្តថា៖ «ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមក៏ត្រូវបានជំរុញយ៉ាងយកចិត្តទុកដាក់ហើយការវិភាជកញ្ចប់ថវិកាតាមក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីឧបត្ថម្ភដល់ជនមានពិការភាពទទួលបានការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈក៏ត្រូវបានអនុវត្ត។ ការបង្កើនលទ្ធភាពឱ្យជនមានពិការភាពបានចូលបំពេញការងារស្ម័គ្រចិត្តដើម្បីទទួលបានបទពិសោធន៍នៅក្នុងទីផ្សារការងារសេរី»។

លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានឱ្យដឹងផងដែរថា ក្រៅពីវិធានការគោលនយោបាយជាតិ រាជរដ្ឋាភិបាលបានលើកទឹកចិត្តគាំទ្រដល់និយោជក គ្រឹះស្ថានសិក្សា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈដែលបានផ្តល់ឱកាសដល់ជនមានពិការភាព ឬក្រុមគ្រួសារទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងការកសាងសមត្ថភាពអំពីជំនាញទំនាក់ទំនង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តនិងការកំណត់នូវទិសដៅមុខរបរ។

នាយកប្រតិបត្តិនិងជាទីប្រឹក្សាបច្ចេកទេស សហគ្រាសសង្គមអ៊ែដ្យាយ ឌីវេឡុបម៉ិនគ្រុប លោក អៀន ចូន (Ian Jones) បានលើកឡើងថា ជនមានពិការភាពត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ២ ទៅ ៩,៥% នៃប្រជាជនកម្ពុជា ដោយភាគច្រើនពួកគាត់រស់នៅក្នុងភាពក្រីក្រ ហើយមូលហេតុចម្បងមួយសម្រាប់នោះគឺសិទ្ធិទទួលបានការអប់រំមិនស្មើភាព និងការអនុវត្តការងាររើសអើង។ មានតែ ៤៤%នៃកុមារដែលមានពិការបានបញ្ចប់ថ្នាក់បឋមសិក្សា បើធៀបនឹង ៧៣% នៃយុវជនដែលគ្មានពិការភាព។

លោកបន្តថា គម្លាតនេះនៅតែបន្តកើនឡើងនិងបានចាត់ទុកប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែស្ថិតក្នុងដំណាក់កាលទារក បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជាថៃ ឬវៀតណាម។

លោក អៀន ចូន បានបញ្ជាក់ថា៖ «ដើម្បីធានាបាននូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពរបស់ជនមានពិការភាព ទៅឱ្យមានភាពសមរម្យ និងឱកាសការងារសមរម្យ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការរើសអើងមូលដ្ឋាន, ការយល់ខុស និងឧបសគ្គនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណើរការជ្រើសរើសបុគ្គលិកវិស័យឯកជន»។

លោក ឯម ច័ន្ទមករា បានច្រានចោលការលើកឡើងដែលថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតែស្ថិតក្នុងដំណាក់កាលទារក និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទៅធ្វើទស្សនៈកិច្ចនៅសាលាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ថាតើស្ថិតក្នុងដំណាក់កាលទារកដូចការយល់ឃើញរបស់តំណាងក្រុមហ៊ុនពិតមែន ឬអត់?

លោកប្រាប់ដល់តំណាងរបស់ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើលិខិតអញ្ចើញក្រុមហ៊ុនទៅមើលផ្ទាល់ ដើម្បីឱ្យឃើញពីការពិត។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការរួមបញ្ចូលបច្ចេកទេសនិងវិជ្ជាជីវៈ ការអប់រំនិងបណ្តុះបណ្តាលសម្រាប់ជនពិការនឹងធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដែលមានរយៈពេល២ថ្ងៃដោយមានការចូលរួមពីតំណាងក្រុមបច្ចេកទេសនានា។ កិច្ចប្រជុំនៅឆ្នាំនេះរួមមានការពិគ្រោះយោបល់បន្តលើគោលការណ៍ណែនាំដែលបានបង្កើតជាក្រុមនឹងគ្រោងបញ្ចប់សេចក្តីណែនាំនៅចុងឆ្នាំ២០២៣។

កិច្ចប្រជុំជាក្រុមស្តីពីការរួមបញ្ចូលការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ជនមានពិការភាពនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធស្វែងរកការគាំទ្រការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំរួមបញ្ចូលសម្រាប់ជនពិការ ការអនុវត្តការវាយតម្លៃយ៉ាងម៉ត់ចត់ និងគំនិតនៃការអនុវត្តល្អបំផុត រួមបញ្ចូលការអប់រំនៅក្នុងបរិបទកម្ពុជា និងទទួលបានការយល់ដឹងជាក់ស្តែងអំពីឧបសគ្គចំពោះការដាក់បញ្ចូលជនមានពិការភាពចូលទៅកាន់ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក