ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃអង្គារ ទី២៤ ខែឧសភា វេលាម៉ោងប្រមាណ ៥:៣០នាទីរសៀលដោយចាប់ផ្តើមពីព្រលានយន្តហោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បើតាមសេចក្ដីជូនដំណឹងក្បួនដង្ហែរតាមរថយន្តនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តម ត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គណៈកម្មាធិការស្នើដល់ប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងចូលរួមអបអរសាទរដល់ដំណើរមកដល់នៃទង់ SEA Games ដើម្បីចូលរួមក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA Games 2023 និងលើកទឹកចិត្តកីឡាករ កីឡាការិនី ជ័យលាភីនៃ SEA Game ឆ្នាំ២០២២។
នៅល្ងាចថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ នឹងត្រូវបិទបញ្ចប់ហើយ ខណៈប្រទេសម្ចាស់ផ្ទះទទួលបានមេដាយមាសលើសលុបពោលគឺបានមេដាយ ៤៤៦គ្រឿង ក្នុងនោះមេដាយមាស ២០៥ តាមពីក្រោយដោយប្រទេសថៃ ទទួលបានមេដាយសរុបចំនួន ៣៣១គ្រឿង ស្របពេលដែលកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួននាឆ្នាំ១៩៧១ ដោយទទួលបានមេដាយសរុបចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាសបានចំនួន ៩គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ៤១គ្រឿង៕