ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមិនពិត ដែលថាវីវុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស

ភ្នំពេញ៖ នៅយប់ថ្ងៃទី១០ ខែមិថុនានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសូមប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវី-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៉ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាល ដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ-១៩»។

ក្រសួងសុខាភិបាល បញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺកូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយនោះឡើយ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មាន ដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ និង៣កុំ និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១០១២ ៨៣៦ ៨៦៨




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក