កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កម្ពុជារំពឹងថាផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ៖ កម្ពុជារំពឹងថាផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន វ៉ឺនសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស៩០%(Gold Doré Bars)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើនហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនជនរួមជាតិខ្មែរប្រកបដោយមោទនភាពនូវការប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងនៅកម្ពុជា ​ដែលមានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ។ 

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះគឺសមិទ្ធផលដ៏ធំធេងនិងមោទនភាពជាតិនៃទឹកដីសុវណ្ណភូមិជាទីស្នេហា។ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលបានផ្តល់យុត្តិធម៌និងការគាំទ្រប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់គណបក្សប្រជាជនកម្ពុជា ពិេសេសដល់សម្តេចតេជោផ្ទាល់ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និង ការអភិវឌ្ឍដែលបាននាំមកជូនប្រជាជនកម្ពុជាទាំងមូលនូវសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបានជាច្រើនរាប់មិនអស់ រួមទាំងការប្រកាសអំពី “ការដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក ចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម” នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរីនេះផងដែរ។






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក