ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាកំពុងដំណើរការជាប្រក្រតី ដោយថាពេលនេះការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីគណបក្សទាំង១៧ ដែលចូលរួមកំពុងប្រព្រឹត្តិទៅដោយរលូន។
ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ការឃោសនាបោះឆ្នោត ដែលមាន ១៧ គណបក្សចូលរួមគឺជាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា»។
យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែរក្បូន ព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេងចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕