បាត់ដំបង៖ តំណាងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានដឹកនាំប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២១ ខែឧសភានេះ។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ សម្តេចក្រឡាហោម ស ខេង ក្នុងនាមតំណាងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជាកើតឡើង ថិតថេរ និងរីកចំរើន ដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកគណបក្សបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គឥតរុញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»។
សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុនិងមានឈ្មោះបោះឆ្នោតត្រូវតែទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ដែលខ្លួនពេញចិត្តហើយដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង បានសង្ឃឹមនិងជឿជាក់ថា សមាជិកសមាជិកាគ្រប់ជាន់ថ្នាក់និងក្រុមការងារនឹងខិតខំលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីដណ្តើមយកជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ៕