ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង លោក អ៉ិត សំហេង បានដឹកនាំសមាជិកបក្សជាង ៤ ០០០នាក់ នៅក្នុងសង្កាត់ទាំង១២ នៃខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បើកយុទ្ធនាការថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។
លោក អ៉ិត សំហេង ថ្លែងថា៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ ពេញមួយអាណតិ្តកន្លងទៅនេះ បក្សទាំងមូល រាជរដ្ឋាភិបាល អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែមានការអភិវឌ្ឍ សុវត្ថិភាពរឹងមាំប្រជាជនកាន់តែមានជីវភាពប្រសើរឡើង ហើយបានរស់នៅប្រកបដោយសុភមង្គលក្រោមម្លប់នៃសន្តិភាព និងក្រោមម្លប់នៃបារមីដ៏ត្រជាក់នៃ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។
លោក អ៉ិត សំហេង បន្តទៀតថាដើម្បីពង្រឹង ពង្រីកសមិទ្ធផលគ្រប់ផ្នែក គ្រប់វិស័យនៅឃុំ-សង្កាត់រយៈពេលប្រាំឆ្នាំបន្តទៀតគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ឆ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។
គណបក្សក៏បន្តការផ្ទេរធនធានបន្ថែម១% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋបាលរាជធានី ខេត្ត ៦% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចាប់ពីឆ្នាំ២០២៤ទៅ ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន។ គោលនយោបាយនេះត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានការពិតជាក់ស្តែងនៃការរីកចម្រើនរបស់សង្គមជាតិហើយគណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងស្មារតីជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវក្នុងការបម្រើប្រជាជនដើម្បីសម្រេចឲ្យបានជោគជ័យនូវបំណងប្រាថ្នានេះ។
មុនក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមលោក អ៉ិត សំហេង បានស្នើដល់សមាជិក សមាជិកា យកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដោយរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅពេលចេញឃោសនា បេក្ខជន និងសកម្មជនគណបក្សគ្រប់រូបចូលរួមឱ្យសកម្មបំផុត ដើម្បីសុំការគាំទ្រពីអ្នកបោះឆ្នោតឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឱ្យថែរក្សា និងភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ នៅពេលទៅបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
លោកក៏ណែនាំឱ្យ សមាជិក សមាជិកា ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឱ្យស្គាល់ និងចងចាំបានច្បាស់លេខរៀង ទីតាំងរូបសញ្ញារបស់គណបក្សនៅលើសន្លឹកឆ្នោតតាមសង្កាត់នីមួយៗ ព្រមទំាងចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងត្រូវគោរពអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥។
លោក អ៉ិត សំហេង ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគ្រប់រូបពិសេសសមាជិកគណបក្សប្រជាជនកម្ពុជាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើមដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន១៧ ដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១ម៉ឺន ១ពាន់ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ពាន់ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕