ភ្នំពេញ៖ បុរសខ្មែរសញ្ជាតិអាមេរិកាំងលោក អ៊ុក ទូច កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ត្រូវបានកម្លាំងសមត្ថកិច្ចសម្ងាត់អាមេរិកចំនួន ៣នាក់ (ប្រុស២ ស្រី១) បានចុះទៅដល់ផ្ទះដើម្បីសួរចម្លើយករណីគប់ស្បែកជើងលើនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុករបស់អនិជនខ្មែរនៅសហរដ្ឋអាមេរិកលោក អ៊ុក ចន្ថា នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែឧសភានេះ។
បើតាមលោក អ៊ុក ចន្ថា បានឱ្យដឹងថា៖ «សមត្ថកិច្ចអាមេរិកបានបញ្ជាក់ថា លោក អ៊ុក ទូច អាចឡើងតុលាការដើម្បីកាត់ទោស សំណុំរឿងនេះគឺត្រូវបញ្ជូនទៅកាត់ទោសនៅតុលាការរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ជាទីកន្លែងប្រព្រិត្តិបទល្មើសជាក់ស្តែង»។
អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់មក EAC News កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ថាសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតទៅលើករណីហេតុការណ៍គប់ស្បែកជើងដែលប្រព្រឹត្តដោយលោក អ៊ុក ទូច តម្រង់មកលើនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងសារអេឡិចត្រូនិកដែលឆ្លើយតបមកកាន់ EAC អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeierបានឱ្យដឹងថាទាក់ទងជាមួយនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតដោយហ្មត់ចត់តាមច្បាប់របស់ខ្លួន។
លោក Chad ឆ្លើយថា៖ «ទាក់ទងទៅនឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ក្រុមការងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតលើរឿងនេះ។ វានឹងត្រូវតាមដានដោយហ្មត់ចត់ស្របតាមផ្លូវច្បាប់របស់សហរដ្ឋអាមេរិក»។
លោក Chad ក៏បានបន្ថែមថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងឥស្សរជនដែលមកទស្សនកិច្ចនៅអាមេរិកយ៉ាងយកចិត្តទុកដាក់បំផុត។
ការបញ្ជាក់របស់ស្ថានតំណាងអាមេរិកប្រចាំកម្ពុជានៅពេលនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សហអាមេរិកបកស្រាយចំពោះករណីគប់ស្បែកជើងមកលើថ្នាក់ដឹកនាំមួយ ថាតើវាជាសិទ្ធិបញ្ចេញមតិឬអំពើហិង្សា៕