ភ្នំពេញ៖ កម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រជូរចត់ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ មិនអាចបំភ្លេចបាននូវការឈឺចាប់ ទារុណកម្ម កាប់សម្លាប់ បំផ្លិចបំផ្លាញជាតិ និងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងសម័យ ប៉ុល ពត។
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុ សម្ដេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថាថ្ងៃសុក្រ ទី២០ ខែឧសភានេះ ថា ថ្ងៃទី២០ ខែឧសភានេះជាថ្ងៃដែលជូរចត់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុល ពត ហើយមិនអាចបំភ្លេចបាននូវរូបភាពនៃការធ្វើទារុណកម្ម កាប់សម្លាប់ បំផ្លិចបំផ្លាញជាតិនៅសម័យនោះ។
សម្ដេចបានរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ និងដើម្បីដាស់តឿនទប់ស្កាត់ដើម្បីកុំឲ្យរបបនេះកើតមាននៅម្តងទៀត។
ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ ក៏បានរៀបចំប្រារព្ធពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការនិមន្តព្រះសង្ឃបង្សុកូលដែលបានធ្វើឡើងនៅវត្ត ឥសាន្តរតនារាម ហៅវត្តភ្នំស្វាយស្ថិតនៅ ក្រុងបានលុង ខេត្តរតនគិរី ដើមី្បឧទិ្ទសមហាកុសល ដល់ប្រជាជនដែលបានចែកឋានទៅ ដោយភាពអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ចំណែករដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង លោក ស្បោង សារ៉ាត បានរៀបចំពិធីរំលឹកទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២២ ដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ។
លោកមានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។
លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដែលលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សូមបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង៤០ ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង បានធ្វើឲ្យប្រជាជនទាំងអស់ពុំអាចបំភ្លេចបាន ហើយបានចារទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទុកឲ្យមនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏ជូរចត់នោះ៕