លោក ហ៊ុន ម៉ានី ក្រើនរំឭកយុវជនជំនាន់ក្រោយស្វែងយល់ពីប្រវត្តិទិវានៃការចងចាំ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព
ភ្នំពេញ÷ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដាស់តឿនក្រើនរំឭក យុវជនជំនាន់ក្រោយស្វែងយល់ពីប្រវត្តិទិវានៃការចងចាំ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោក ហ៊ុន ម៉ានី បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករបស់លោក ថាក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ ឧសភា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោកបន្តថា ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាបន្តបន្ទាប់ យើងបានទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។
លោកក៏បានស្នើសូមឱ្យបងប្អូនទាំងអស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅ៕