អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

នាយករដ្ឋមន្ត្រី រម្លឹកពីតម្លៃសន្តិភាពនៅថ្ងៃទិវាជាតិនៃការចងចាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីតម្លៃនិងជំរុញឱ្យពលរដ្ឋចូលរួមការពារសន្តិភាពកុំឲ្យបាត់បង់ ដោយសារសន្ដិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។ ការរម្លឹករបស់សម្ដេចបែបនេះក្នុងឱកាសនៃទិវា ២០ ឧសភា ដែលជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩)។ 

សម្ដេចតេជោ បានសរសេរនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភានេះថា ដោយសាររបបខ្មែរក្រហម ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា៖ «ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

សម្ដេចតេជោជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាសន្ដិភាព ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ និងបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ 

របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍ខ្លួន នឹងបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងទីក្រុងភ្នំពេញឆ្នាំ១៩៧៥។ 

ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះ​ត្រូវបានសភា​នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​រាប់លាននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក