ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីកម្ពុជាបន្តរម្លឹកពីយន្តការពហុភាគីនិយមដើម្បីដោះស្រាយវិបត្តិសកល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តរម្លឹកអន្តរជាតិពីភាពចាំបាច់នៃយន្តការពហុភាគីនិយមដើម្បីឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួលមិនច្បាស់លាស់ និងស្មុគស្មាញ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ថ្លែងសុន្ទរកថាតាមរយៈវីដេអូពីរាជធានីភ្នំពេញទៅក្នុងវេទិកាលើកទី២នៃគណបក្សនយោបាយក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្ដាប្រទេសប្រ៊ីក(BRICS) នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានជំរុញដល់អាស៊ាននិងប្រ៊ីក(BRICS)ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូលចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដងដើម្បីស្តារឡើងវិញនូវពហុភាគីនិយមដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យ៖ «បន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត យើងមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ក្នុងពេលពិភពលោកកំពុងស្ដារឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីធានាថា យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។ នេះជាការលើកឡើងបន្ថែមរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចតេជោបានគាំទ្រចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។

សម្ដេចតេជោ ហ៊ុន សែន ថា៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត»។

នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញដល់សមាជិកអាស៊ាន ឱ្យបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលបានព្រមព្រៀងគ្នា រួមមានក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន។

សម្ដេចតេជោជឿថាភាពជាដៃគូរបស់អាស៊ាន រួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការគាំទ្រ ដើម្បីធានាបាននូវភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក