Tik Tok និង WeChat ដែលត្រូវហាមក្នុងសម័យ Trump ត្រៀមដំណើរការប្រក្រតីវិញក្នុងសម័យកាលរបស់ Joe Biden
អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden បានចេញបញ្ជាឱ្យដកហូតនូវការដាក់បំរាមមិនឱ្យមានការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Tik Tok និង WeChat វិញហើយ ក្រោយកម្មវិធីទូរស័ព្ទដៃទាំងពីរនេះត្រូវបានដាក់បំរាមមិនឱ្យទាញយកមកប្រើប្រាស់នាសម័យរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump។ កន្លងមក ការហាមឃាត់នេះត្រូវបានប្រឈមនឹងការតវ៉ាផ្នែកផ្លូវច្បាប់ជាបន្តបន្ទាប់ ប៉ុន្តែមិនដែលបានចូលអនុវត្តជាធរមានឡើយ។
ផ្ទុយទៅវិញ មកដល់ពេលនេះក្រសួងពាណិជ្ជកម្មអាមេរិក បាននិងកំពុងពិនិត្យឡើងវិញនូវរាល់កម្មវិធីទូរសព្ទដៃទាំងអស់ដែលបានអភិវឌ្ឍន៍ និងរចនាដោយប្រទេសដែលជាដៃគូប្រជែងលក្ខណៈអន្តរជាតិដូចជាចិនជាដើម។ លោក Biden ធ្លាប់បានមានប្រសាសន៍ថា យើងគប្បីប្រើប្រាស់នូវភស្តុតាងដែលអាចរកឃើញជាប្រយោជន៍ មុននឹងចោទប្រកាន់ថាតើកម្មវិធីទាំងនោះពិតជាជះឥទ្ធិពលទៅលើសន្តិសុខជាតិរបស់អាមេរិកមែន ឬក៏យ៉ាងណា? ប៉ុន្តែបែបណាក៏ដោយ គេមិនឃើញមានមតិឆ្លើយតបណាមួយជុំវិញបញ្ហានេះពីក្រុមហ៊ុនកម្មវិធី Tik Tok ឡើយ។
កាលពីឆ្នាំ ២០២០ កន្លងទៅ លោក Trump ធ្លាប់បានដាក់បញ្ជាមិនឱ្យមានការទាញយក (Download) កម្មវិធី Tik Tok ដែលអភិវឌ្ឍន៍ និងរចនាដោយក្រុមហ៊ុន ByteDance នោះឡើយ ដោយលោកអះអាងថា ការប្រើប្រាស់កម្មវិធីកម្សាន្តនេះ អាចនាំឱ្យមានការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។
កន្លងមក រដ្ឋាភិបាលអាមេរិកមានជាគម្រោងឱ្យក្រុមហ៊ុនធំៗរបស់ខ្លួនដូចជា Walmarts និង Oracle ជាដើមឱ្យទទួលខុសត្រូវលើផ្នែកគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់លើកម្មវិធីទូរសព្ទដៃលើបណ្តាញអ៊ីនធ័រណេត ប៉ុន្តែដោយសារតែមានការតវ៉ាជាបន្តបន្ទាប់លើផ្លូវច្បាប់ពីបណ្តាក្រុមហ៊ុននានាដែលមិនសុខចិត្ត រួមទាំងការចាកចេញពីតំណែងរបស់លោក Trump ពីកៅអីប្រធានាធិបតីផងនោះ ពុំមានការហាមឃាត់កម្មវិធីណាមួយ ឬការចូលដៃជើងពីក្រុមហ៊ុនអាមេរិកណាមួយត្រូវបានអនុម័តជាផ្លូវការឡើយ៕