លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ក្រសួងអប់រំធ្វើយុទ្ធនាការផ្សព្វផ្សាយហាមឃាត់ការសហការរវាងគ្រឹះស្ថានសិក្សាជាមួយឧស្សាហករថ្នាំជក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសេចក្តីណែនាំ ហាមឃាត់អង្គភាពចំណុះក្រសួងអប់រំ យុវជន និងកីឡា ទាំងរាជធានី ខេត្ត ការិយាល័យអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈនិងឯកជនមិនឲ្យសហការជាមួយនឹងឧស្សាហករថ្នាំជក់ ទោះបីក្នុងរូបភាពផ្ដល់ការឧបត្ថម្ភក៏ដោយ។

យុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយធ្វើការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ ដល់និស្សិតនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងឱកាសនោះផងដែរ មានក្រុមនិស្សិតជាង៣០០នាក់បានសំដែងការគាំទ្រចំពោះ ក្រសួងអប់រំ ដែលហាមឃាត់អង្គភាពចំណុះរបស់ខ្លួនពីការសហការជាមួយនឹងឧស្សាហករថ្នាំជក់ផងដែរ។

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី សឿ សុជាតា បានឲ្យដឹងថា ការចាប់ដៃគូសហការឬទទួលការឧបត្ថម្ភរវាងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនជាមួយឧស្សាហករថ្នាំជក់ត្រូវហាមឃាត់ ទោះក្នុងគោលបំណងជាសកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្ដូរបទពិសោធ ឬសិក្សាស្រាវជ្រាវក៏ដោយ។

លើសពីនេះ ក្រសួងអប់រំក៏បានហាមឃាត់មិនឲ្យទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សហករថ្នាំជក់ដើម្បីគាំទ្រដល់សកម្មភាពអប់រំតាមគ្រប់រូបភាព ព្រមទាំងមិនឲ្យផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់ឡើយ។

លោកស្រីបន្តថា ក្រសួងបានដាក់ចេញសេចក្តីណែនាំដែលកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដោយសង្កេតឃើញថាគ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ដែលបណ្តាលឱ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។

លោកស្រីបន្ថែមថា ការឧបត្ថម្ភរបស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ។ តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្តឧបត្ថម្ភកម្មវិធីនានា ដើម្បីបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេចក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់ការឧបត្ថម្ភដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព។

បើតាមមាត្រា៥.៣ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់បានចែងថា សុខភាពសាធារណៈ និងឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សាបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កអោយញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។

គួរឲ្យដឹងថា ការប្រើប្រាស់ថ្នាំជក់ជាកត្តាចម្បងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋ ត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក