ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជូនពរពលរដ្ឋក្នុងឱកាសនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដោយសម្ដេចលើកឡើងថា ចាប់ពីពេលនេះទៅរដូវធ្វើស្រែចំការនៃព្រះរាជាណាចក្រកម្ពុជាគឺចាប់ផ្ដើមចូលមកដល់ហើយ។
សម្ដេចតេជោបានសរសេរនៅលើ ហ្វេសបុកផេក របស់សម្ដេចនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ដែលបានលើកឡើងពីសារៈសំខាន់នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដោយថាជាការប្រមើមើលនៅត្រប់ខ្នុរស្រុកទេសតាមរយៈព្រះរាជពិធីបុណ្យនេះ។
សម្ដេចតេជោសរសេរថា៖ «ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។
ព្រះ រាជ ពិធីបុណ្យ ច្រត់ ព្រះ នង្គ័ល គឺ ជា ព្រះ រាជ ពិធី បុណ្យ ដែល ខ្មែរ បាន ប្រារព្ធ ធ្វើ ជា រៀង រាល់ ឆ្នាំ នៅ ថ្ងៃ ទី ៤ រោច ខែ ពិសាខ ដើម្បី ជាប្រកាស ពី ដំណើរ មក ដល់ នៃ រដូវ ធ្វើ ស្រែ ចម្ការ របស់ ប្រជារាស្ត្រ ក្នុង នគរ និង ដើម្បី ផ្សង ប្រផ្នូល ពី ភោគផល កសិកម្ម នា ឆ្នាំ ខាង មុខ ។
ក្នុងការផ្សងគោឧសភរាជ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលរៀបដាក់លើតុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ដ្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាងនោះ ដោយមិនមានការបង្ខំឡើយ ព្រោះគេជឿថាកាលណាព្រះគោស៊ីផឹកអ្វីម្យ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ។
សម្រាប់ប្រផ្នូលខាងមុខគេមានជំនឿថា ប្រសិនបើគោឧសភារាជស៊ីរបស់ផ្សេងៗដូចជាគ្រាប់ធញ្ញជាតិគេទាយថាក្នុងឆ្នាំនេះរបស់ទាំងនោះសម្បូរប្លែក តែបើស៊ីស្មៅទាយថាសត្វពាហនៈនឹងកើតជំងឺ ហើយបើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន៕