លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតម្លៃនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរទោះបីមានការវិវត្តនូវបច្ចេកវិទ្យា

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លជាពិធីបុណ្យប្រពៃណីជាតិមួយដែលប្រជាជនខ្មែរនិយមប្រារព្ធមិនដែលរំលងព្រោះពិធីនេះមានតម្លៃដក់ជាប់នៅក្នុងផ្នត់គំនិត និងជំនឿរបស់ប្រជាជនជាពិសេសអ្នកប្រកបរបរកសិកម្មទោះបីបច្ចុប្បន្នមានការវិវត្តនូវបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក្ដី។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺជាព្រះរាជពិធីបុណ្យដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ៤រោច ខែពិសាខ ដើម្បីជាប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។

ជារៀងរាល់ឆ្នាំ ព្រះមហាក្សត្រខ្មែរយកព្រះទ័យទុកដាក់ចំពោះពិធីនេះណាស់ ដោយពីអតីតកាលទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ប៉ុន្តែ សម័ុក្រោយៗមក ព្រះមហាក្សត្រគ្រាន់តែ យាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ ដែលគេហៅថាស្ដេចមាឃ និងមានអ្នកតំណាងស្រីម្នាក់ដែលគេហៅថាជំទាវ ឬព្រះមេហួដែលជាភរិយាស្ដេចមាឃ។

តាមទម្លាប់ពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹករបស់ «គោឧសភរាជ»។ «គោឧសភរាជ» គឺជាគោមួយនឹម ដែលទឹមច្រត់ព្រះនង្គ័ល មានសម្បុរខ្មៅ ស្នែងរាងខុបទៅមុខហើយវាត់ចុងទៅលើបន្ដិច។ លុះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងលម្អផ្សេងៗ មានពាក់ស្រោមមុខា ស្រោមស្នែង និងពាក់សំពត់កម្រាលពណ៌ក្រហមលើខ្នង។ ឯព្រះនង្គ័ល គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះមហាក្សត្រមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងមាស។

មុនពេលច្រត់ព្រះនង្គ័ល មានការជួបជុំសព្វគ្រប់ហើយមានក្បួនហែទៅដល់កន្លែងច្រត់ព្រះនង្គ័លដែលហៅថាទីព្រះស្រែ ដោយពេលទៅដល់ ស្ដេចមាឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូប បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លដោយមានអ្នកកាន់នង្គ័លប្រគល់ឲ្យស្ដេចមាឃ ហើយចេញទៅដើរនាំមុខនង្គ័ល ១ច្រត់ខាងមុខ នង្គ័ល ១ទៀតច្រត់តាមក្រោយ ព្រះនង្គ័លស្ដេចមាឃនៅជាកណ្ដាលមានម្នាក់បាំងក្លស់និងមហាតលិក ៤នាក់កាន់គ្រឿងដើរតាមក្រោយ។

ចំណែកព្រះមេហួដើរក្រោយនង្គ័លទី៣ ម្នាក់បាំងក្លស់ និងសាវឡិក ៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។

លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោងពិធីដើម្បីផ្សងគោឧសភរាជ។

ក្នុងការផ្សងគោឧសភរាជ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧យ៉ាង ដែលរៀបដាក់លើតុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ដ្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាងនោះ ដោយមិនមានការបង្ខំឡើយ ព្រោះគេជឿថាកាលណាព្រះគោស៊ីផឹកអ្វីម្យ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ។

សម្រាប់ប្រផ្នូលខាងមុខគេមានជំនឿថា ប្រសិនបើគោឧសភារាជស៊ីរបស់ផ្សេងៗដូចជាគ្រាប់ធញ្ញជាតិគេទាយថាក្នុងឆ្នាំនេះរបស់ទាំងនោះសម្បូរប្លែក តែបើស៊ីស្មៅទាយថាសត្វពាហនៈនឹងកើតជំងឺ ហើយបើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។

 ប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរ កសិកម្ម តែងតែជឿថា ប្រសិនបើបាន យកសំណល់គ្រាប់ធញ្ញជាតិទាំងនោះទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខ នោះរបរកសិកម្ម ៊របស់ពួកគេនឹងចម្រុងចម្រើនទទួលបានទិន្នផលខ្ពស់ជាដើម។

ការទស្សន៍ទាយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រជាកសិករតាំងពី បុរាណកាលជឿជាក់ និងតាមដានយ៉ាងយកចិត្តទុកដាក់។ ជាការពិតពិធី ច្រត់ព្រះនង្គ័ល គឺជាជំនឿរបស់ប្រជារាស្ត្រ ជាពិសេស ប្រជាកសិករ ។ ប៉ុន្តែរហូត មកទល់សព្វថ្ងៃនេះគេមើលឃើញភាពថមថយនៃជំនឿរបស់កសិករ ចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយសារតែភាព ជឿនលឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យា។

បើទោះបីជាយ៉ាងណាក៏ដោយ ទំនៀមទម្លាប់ ប្រពៃណីច្រត់ព្រះនង្គ័លនេះនៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរជានិច្ច។ ទំនៀមទម្លាប់ ប្រពៃណីនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរគ្រប់ជំនាន់ រហូតក្លាយជាអត្តសញ្ញាណដែលពិបាកនឹងលុបបំបាត់។ ការអភិរក្សនិងថែរក្សាទំនៀមទម្លាប់ប្រពៃណីកើតមានតាំងពីច្រើនជំនាន់មកហើយនោះគឺជារឿងចាំបាច់ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរនិងដើម្បីឲ្យកូនខ្មែរព្រមទាំងពិភពលោកទាំងមូលបានស្គាល់និងយល់ដឹង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក