លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា

ភ្នំពេញ៖​ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ទវីដេអូអនឡាញជាមួយនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ ៣០នាទី។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ បានមានប្រសាសន៍ថា ឆ្នាំ២០២២ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

សម្តេចតេជោបន្តថា ដើម្បីប្រារព្ធខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីនេះប្រទេសទាំងពីរកម្ពុជានិងឥណ្ឌា បានឯកភាពក្នុងការត្រៀមសកម្មភាពធ្វើការរួមគ្នា ដើម្បីអបអរសាទរនៃការបង្កើតទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជារវាងប្រជាជនទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការសន្ទនានៅថ្ងៃនេះ និងបានសម្ដែងនូវការចូលរួមការកាន់ទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេចតេជោគឺសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង។

លោក ណារិនដ្រា ម៉ូឌី បានគូសបញ្ជាក់ថា ឥណ្ឌានិងកម្ពុជា មានទំនាក់ទំនងយូរលង់មកហើយ តាំងពីសម័យបុរាណមកម្ល៉េះ ជាពិសេសប្រទេសទាំងពីរ មានការទំនាក់ទំនងរវាងវប្បធម៌ និងស៊ីវីល័យ ពិសេសតាមការឆ្លុះបញ្ចាំងដូចជាប្រាសាទអង្គរវត្តជាដើម។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា វាជាមោទនភាពចំពោះឥណ្ឌាដែលបន្តធ្វើការងារក៏ដូចជាជួយប្រទេសកម្ពុជាកន្លងមកនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌាបានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ នៅក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា លោកនាយករដ្ឋមន្រ្តីបានចាត់ទុកកម្ពុជាជាដៃគូសំខាន់របស់ឥណ្ឌា។

ជាការឆ្លើយតបសម្តេចតេជោ បានលើកឡើងអំពីគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា វាត្រឹមត្រូវជាមួយនឹងអ្វីដែលជាគោលនយោបាយរបស់អាស៊ាន ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ហើយចាត់ទុកឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ។

សម្តេចតេជោក៏បានគូសបញ្ជាក់ដែរថា នៅក្នុងការពិភាក្សានេះអ្វីដែលសម្ដេចចង់លើក ទី១-ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ហើយនៅក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌា ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ នេះ ពីការឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌាមានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោបានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដែលកម្ពុជាបានទទួលនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន ៣២ម៉ឺន៥ពាន់ដូស នៅក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមវ៉ាក់សាំង។

សម្ដេចបានបញ្ជាក់បន្ថែមថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងស្មារតីសាមគ្គីភាព ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ភាគរយនៃចំនួនប្រជាជន១៦លាននាក់។ សម្តេចបន្តថា មកដល់ពេលនេះមានរយៈពេល ១១ថ្ងៃហើយដែលកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩។ សម្ដេចតេជោក៏បានអរគុណលោកនាយករដ្ឋមន្ត្រីឥណ្ឌាចំពោះការគាំទ្រនូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ។

សម្ដេចតេជោបន្តថា ឥឡូវនេះភាគីទាំងពីរ កម្ពុជានិងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសាកសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានស្នើដល់ភាគីឥណ្ឌា ២ចំណុច ក្នុងនោះទី១-នៅក្នុងការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោមានប្រសាសន៍ថា ចំពោះវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា កម្ពុជា ស្វាគមន៍ការកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ក្នុងឆ្នាំ២០២១ ជាពិសេសដើម្បីរំឭកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កម្ពុជាទន្ទឹងរង់ចាំក្នុងការប្រារព្ធនិងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន ១លានដុល្លារដល់អាស៊ានឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាល។

សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់ដល់កម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោមគំនិតដូចដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌។

សម្ដេចក៏បានគូសបញ្ជាក់អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជាខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល។ សម្តេចតេជោបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ជាពិសេសការជួយផ្ដល់វ៉ាក់សាំងតាមក្របខណ្ឌ គំនិតផ្ដួចផ្ដើមវ៉ាក់សាំងខ្វត ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា។ លោកនាយករដ្ឋមន្ត្រីបន្តថា លោកពិតជារីករាយដែលឮថា កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះដែលពិតជាល្អខ្លាំងណាស់។ លោក ណារិនដ្រា ម៉ូឌី បានបញ្ជាក់ថា ឥណ្ឌានិងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារសម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

ចំពោះបញ្ហាអន្តរជាតិ លោក ណារិនដ្រា ម៉ូឌី បានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណាគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌាឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបន្តថា លោកពិតជាគាំទ្រនូវតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត លោកបានគូសបញ្ជាក់ដែរថា លោកបានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី។

លោក ណារិនដ្រា ម៉ូឌី បានគូសបញ្ជាក់ថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងណាស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។

នៅក្នុងសមុទ្រចិនខាងត្បូង លោក ណារិនដ្រា ម៉ូឌី បានចាត់ទុកថាសមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ ហើយលោកពិតជាគាំទ្រក្នុងការចរចាឲ្យមាន ស៊ីអូស៊ី ជាពិសេស ដែលមានប្រសិទ្ធភាព មានបរិយ៉ាប័ន្ន ហើយមានខ្លឹមសារ ព្រមទាំងផ្អែកទៅលើច្បាប់នៃអន្តរជាតិ។

លោក ណារិនដ្រា ម៉ូឌី រំពឹងទុកថាដំណើរទស្សនកិច្ចនិងការអញ្ជើញចូលរួមកិច្ចប្រជុំរបស់លោកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនឹងទទួលបានលទ្ធផលល្អសំរាប់ទំនាក់ទំនងទ្វេភាគីនិងក្នុងក្របខណ្ឌអាស៊ាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក