ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹម ហួន បានឱ្យដឹងថាឥណ្ឌានឹងផ្ដល់ឥណទានដែលមានទំហំសាច់ប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងផ្លូវហាយវ៉េយត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលអាចមកដល់កម្ពុជាផងដែរ។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូពីចំងាយរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រាម៉ូឌី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ភាគីទាំងពីបានវាយតម្លៃខ្ពស់ពីកិច្ចសហការរវាងប្រទេសទាំងពីរកាលពីកន្លងមក។ ក្នុងនោះសម្ដេចតេជោ ជំរុញដល់ប្រទេសឥណ្ឌាឱ្យជំរុញការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនត្រីភាគីពីឥណ្ឌា ឆ្ពោះទៅមីយ៉ាន់ម៉ា និងថៃ ឱ្យបន្តដល់កម្ពុជា វៀតណាម ឡាវផងដែរ។
ក្នុងឱកាសនោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រាម៉ូឌី បានបញ្ជាក់ថាឥណ្ឌានឹងបន្ថែមគម្រោងនេះមកកាន់កម្ពុជាផងដែរ។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានបញ្ជាក់ថា ជាមួយនឹងការបន្ថែមគម្រោងមកដល់កម្ពុជាឥណ្ឌាក៏នឹងផ្ដល់ឥណទាន ១ពាន់លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះផងដែរ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បញ្ជាក់ពីផលប្រយោជន៍ដែលកម្ពុជាទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ ជាគម្រោង និងអាហាររូបករណ៍ដល់សិស្សនិស្សិតផងដែរ។
ឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់របស់ខ្លួនក្នុងនយោបាយឆ្ពោះទៅភាគខាងកើតរបស់ខ្លួន។
គោលនយោបាយមើលទៅបូព៌ារបស់ឥណ្ឌា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងជំហររបស់ខ្លួនជាមហាអំណាចក្នុងតំបន់ និងជាបន្ទុកប្រឆាំងនឹងឥទ្ធិពលយុទ្ធសាស្ត្រនៃសាធារណៈរដ្ឋប្រជាមានិតចិន។ គោលនយោបាយបនេះចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩១ និងត្រូវបានប្រកាសជាផ្លូវការនៅឆ្នាំ២០១៤ ដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីណារិនដ្រាម៉ូឌី៕