ឥណ្ឌា-កម្ពុជាកំពុងពិភាក្សាគ្នាក្នុងការជ្រើសរើសពេលវេលាថ្វាយព្រះមហាក្សត្រធ្វើព្រះរាជទស្សនកិច្ចនៅឥណ្ឌា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលឥណ្ឌា បានថ្លែងក្នុងកិច្ចប្រជុំមួយនៅរសៀលនេះតាមប្រព័ន្ធវីដេអូពីចំងាយថាក្រុមការងារប្រទេសទាំងពីរកំពុងពិភាក្សាដើម្បីជ្រើសរើសពេលវេលាណាមួយថ្វាយព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ស្ដេចយាងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ខាងមុខ។
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រាម៉ូឌី នារសៀលនេះភាគីទាំងពីរបានបង្ហាញនូវការពេញចិត្តនូវកិច្ចសហការកាលពីកន្លងមក ក៏ដូចជាពង្រឹងនូវទំនាក់ទំនងនៃប្រទេសទាំងពីរបន្ថែមផងដែរ ខណៈឥណ្ឌាត្រៀមខ្លួននឹងទទួលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅប្រទេសខ្លួននៅឆ្នាំ២០២៣ខាងមុខ។
កម្ពុជា និងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥២ ជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកម្ពុជាឯករាជ្យថ្មីដោយនាយករដ្ឋមន្ត្រីឥណ្ឌានៅឆ្នាំ១៩៥៤។ នៅចុងឆ្នាំ១៩៥៤ សម្តេចព្រះនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌានៅប៉ុន្មានខែមុនសន្និសិទទីក្រុង Bandung ផងដែរ៕