ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសគប់ស្បែកជើង អ៊ុក ទូច អាចប្រឈមទោសជាប់ពន្ធនាគារពី៦ខែ?

ភ្នំពេញ៖ បុរសដែលបានទះកំផ្លៀងប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ ឯអ្នកកាសែតអ៊ីរ៉ាក់ Muntadar al-Zaida ដែលបានគប់ស្បែកជើងលើប្រធានាធិបតីអាមេរិក George W. Bush ត្រូវបានជាប់ពន្ធនាគារ ៣ឆ្នាំតែអនុវត្តន៍ទោស ៩ខែ ពីបទបំពារបំពានលើប្រមុខរដ្ឋបរទេស (aggression against a foreign head of state)។ ចុះចំពោះបុគ្គលខ្មែរសញ្ជាតិអាមេរិកាំង អ៊ុក ទូច ដែលបានគប់ស្បែកជើងទៅលើនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តើនឹងត្រូវជាប់ពន្ធនាគារដែរឬទេ?

បើតាមក្រមសហរដ្ឋអាមេរិក គន្ថីទី១៨ ផ្នែកទី១១២ ដែលមានចែងអំពីបទល្មើសជាក់ស្ដែង--ការវាយប្រហារ-- បុរសខ្មែរសញ្ជាតិអាមេរិកាំង អ៊ុក ទូច អាយុ៧៥ឆ្នាំ ដែលបានគប់ស្បែកជើងប៉ុនប៉ងលើនាយករដ្ឋមន្ត្រីកម្ពុជាអាចប្រឈមការដាក់ទោសជាប់ពន្ធនាគារពី៦ខែនិងពិន័យជាប្រាក់?

សាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Columbia Law School លោក Daniel C. Richman បានលើកឡើងថា បើតាមគន្ថី១៨ ផ្នែកទី១១២ មានចែងអំពីការការពារជាពិសេសចំពោះ «មន្ត្រីបរទេស ភ្ញៀវផ្លូវការ និងជនការពារដោយអន្តរជាតិ»។ ដោយលោកលើកឡើងថា បុគ្គលណាដែលប្រព្រឹត្តអំពើ "ហិង្សា (Assault), វាយ (Strike), បង្ករបួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬបង្កហិង្សា (Offer Violence)" ចំពោះមន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬត្រូវទទួលទោសទាំងពីរនេះរួមគ្នា ទាំងទោសពិន័យ ទាំងទោសដាក់ពន្ធនាគារ។ ប្រសិនបើទង្វើនៃការគប់ស្បែកជើង (ប៉ុន្តែគប់មិនត្រូវ) មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសពីបទអំពើហិង្សាក៏ដោយចុះ, ក៏តុលាការនៅតែសម្រេចថា ជននោះអាចនឹងមានទោសពីបទបំពានចំពោះមន្រ្តីបរទេស ឬរំខានមិនឱ្យមន្រ្តីនោះបំពេញការងាររបស់ខ្លួនបានដែរ ដែលបទល្មើសនេះអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៦ខែឬពិន័យជាប្រាក់។

ផ្ទុយទៅវិញប្រសិនបើតុលាការចាត់ទុកថា ការគប់ស្បែកជើងទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតី ឬបុគ្គលដែលបានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺជា "អំពើហិង្សា (Assault)", នោះបុគ្គលដែលប្រព្រឹត្តអាចនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ហើយប្រសិនជាតុលាការសម្រេចថា ទង្វើនេះគឺត្រឹមជាការគំរាមកំហែង (Threat), នោះក៏អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដល់ ៥ឆ្នាំផងដែរ។

ការផ្តល់ការពារពិសេសទៅកាន់មន្រ្តីបរទេសមិនមែនជាទស្សនទានថ្មីឬជារឿងថ្មីទេ ហើយក៏មិនមែនមានតែនៅសហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ាក់ប៉ុណ្ណោះដែរ ប៉ុន្តែក៏មាននៅប្រទេសបារាំងនិងប្រទេសស្វីសផងដែរ។ 

ក្រមសហរដ្ឋអាមេរិក ផ្នែកទី១១២(a)បានចែងថា៖ «ហាមការវាយប្រហារលើមន្ត្រីបរទេស ភ្ញៀវផ្លូវការ និងមនុស្សដែលត្រូវបានការពារអន្តរជាតិ (IPPs) និងការវាយប្រហារលើទីតាំងផ្លូវការ ការស្នាក់នៅឯកជន ឬមធ្យោបាយដឹកជញ្ជូនឥស្សរជនទាំងនោះ។ បទប្បញ្ញត្តិនេះក៏ទទួលយកការប៉ុនប៉ងប្រព្រឹត្តបទល្មើសបែបនេះផងដែរ»។

យ៉ាងណាមិញ យោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកការពារអន្តរជាតិ (ដែលបានចូលជាធរមានក្នុងឆ្នាំ១៩៧៧) ប្រទេសហត្ថលេខីត្រូវតែយកចិត្តទុកដាក់ជាពិសេសដើម្បីការពារប្រមុខរដ្ឋបរទេស ក៏ដូចជាតំណាងផ្លូវការដទៃទៀត។ ពួកគេក៏គួរតែគិតគូរពី "លក្ខណៈធ្ងន់ធ្ងរ" នៃការគំរាមកំហែង ឬការវាយប្រហារប្រឆាំងនឹងឥស្សរជននៅពេលកំណត់ការពិន័យណាមួយ។

ស្រដៀងគ្នានឹងករណីខាងលើនេះតុលាការនៅទីក្រុង Valence បានកាត់ទោសលោក Damien Tarel អាយុ ២៨ឆ្នាំឱ្យជាប់ពន្ធនាគារ ៤ខែពីបទប្រើហិង្សាលើបុគ្គលសាធារណៈ (person invested with public authority) បន្ទាប់បុរសខាងលើនេះបានទះកំផ្លៀងចំមុខប្រធានាធិបតីបារាំងលោក Emmanuel Macron នៅចំពោះអ្នកគាំទ្រលោកប្រធានាធិបតីជាច្រើន។

តុលាការនៅទីក្រុង Valence ភាគអាគ្នេយ៍បានកាត់ទោសលោក Tarel ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ និងព្យួរទោស រយៈពេល ១៤ខែបន្ថែមទៀត ហើយត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងជាសាធារណៈ និងពីការគ្រប់គ្រងអាវុធរយៈពេល៥ឆ្នាំ។

បើតាមច្បាប់របស់ប្រទេសបារាំង បទហិង្សាលើបុគ្គលសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤៥ ០០០អឺរ៉ូដែលស្មើនឹងប្រមាណ ៥៤ ០០០ដុល្លារអាមេរិក។

សម្រាប់ទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌកម្ពុជាវិញ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់​មក​ EAC News ថា ការប្រព្រឹត្តបទល្មើសបំពានលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវបានផ្តន្តាទោសធ្ងន់ធ្ងរ នៅក្នុងច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ជាពិសេ ក្នុងជំពូកទី៤ ចាប់ពីមាត្រា២៩ ដល់មាត្រា៣៤។

ទាក់ទងនឹងករណីខាងលើលោកបានបន្ថែមថាមាត្រា៣០ ចំណុចទី២ នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម «បុគ្គលដែលប្រព្រឹត្តអំពើហិង្សាដោយចេតនាលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។ ក្នុងករណីដែលមានស្ថានទម្ងន់ទោស ដោយសារអំពើហិង្សានេះបានបណ្តាលឱ្យជនរងគ្រោះទទួលមរណភាព ដោយជនល្មើសពុំមានចេតនានឹងធ្វើឱ្យស្លាប់, ជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ» ខណៈមាត្រា៣៣ នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្មចែងថា បុគ្គលដែលគំរាមកំហែងប្រព្រឹត្តបទល្មើសលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ 

យ៉ាង​ណា​មិញអ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុ​ការណ៍​គប់​ស្បែក​ជើង​លើ​នាយករដ្ឋមន្ត្រី​កម្ពុជានោះ​ទេ ដោយ​លោក​បានប្រាប់​សារព័ត៌មាន​ EAC News ថាសហរដ្ឋអាមេរិកបានស្វាគមន៍នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានប្រកបដោយជោគជ័យ។

ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​មើល​ចំណាត់​ការរបស់​រដ្ឋ​បាល​ទីក្រុង​វ៉ាស៊ីន​តោនចំពោះ​ករណី​បុរស​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​កាំងដែល​បាន​ប្រើហិង្សា​គប់​ស្បែក​ជើង​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​នាម​ជា​ភ្ញៀវ​របស់រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃឌិន និង​ក្នុង​នាម​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល អាស៊ាន-អាមេរិក៕​



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក