កំពត៖ អគ្គមេបញ្ជាការរង កង យុទ្ធពលខេមរភូមិន្ទ និងជាមបញ្ជាការ ទ័ពជើងគោក លោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថាសាសនាពិតជាបានដើរតួនាទីសំខាន់នៅក្នុងការអប់រំសីលធម៌សង្គម ត្បិតថាការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម បាននាំឱ្យមានការផ្សព្វផ្សាយ និងសាបព្រោះផលវិជ្ជមានទៅដល់ប្រជាពលរដ្ឋ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តគិរីឱសថទឹកជប់ ស្ថិតក្នុង ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
លោកបន្តថា ការផ្សព្វផ្សាយនិងការសាបព្រោះគំនិតវិជ្ជមាននេះ គឺជាប្រពៃណីនៃការចែករំលែកដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតការអប់រំផ្នែកពុទ្ធសាសនា ក៏ត្រូវបានបញ្ចូលរួមផ្សំជាមួយនឹងប្រព័ន្ធអប់រំផ្នែកអាណាចក្រ សំដៅធ្វើយ៉ាងណាឱ្យកូនខ្មែរ ក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពបញ្ញាស្មារតីភ្លឺស្វាង ដែលនឹងចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវនៅក្នុងការកសាងភាពសុដុមរមនានៅក្នុងសង្គម និងដំណើរការនៃការអភិវឌ្ឍជាតិ។
លោកបន្តទៀតថា៖ « សាសនាបង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបបប៉ុលពត» ។
លោកបញ្ជាក់ថា ក្នុងន័យនេះប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។
លោកបន្ថែមថា នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ឆ្នាំកន្លងមក តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ ការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ការរួមគ្នាបំពេញបុណ្យកុសល ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ហើយសម្រាប់ពេលបន្តទៅមុខក៏នៅតែលុះនៅក្នុងបុព្វហេតុមួយនេះតរៀងទៅ៕













