សេដ្ឋីស៊ុយអែដ CEO Sportify ត្រៀមជះលុយខ្ទង់ពាន់លានដុល្លារសាជាថ្មីដើម្បីទិញយកក្លិបធំមួយនៅអង់គ្លេស
អង់គ្លេស៖ មហាសេដ្ឋីជនជាតិស៊ុយអែដ លោក Daniel Ek បានត្រៀមខ្លួនសាជាថ្មី ក្នុងការជះលុយខ្ទង់យ៉ាងសម្បើមដើម្បីទិញយកក្លិបកាំភ្លើងធំ Arsenal ដោយលោកបានបង្កើនលុយចរចាលើតុរហូតដល់ ២ពាន់លានដុល្លារ ក្រោយពីបរាជ័យក្នុងការដាក់សំណើតម្លៃ ១,៨ពាន់លានដុល្លារអាមេរិកកាលពីពេលកន្លងទៅ។
លោក Deniel Ek បានអះអាងថា ម្ចាស់ក្លិប Arsenal បច្ចុប្បន្នគឺគ្រួសារត្រកូល Kroenke ដែលអ្នកគាំទ្រកំពុងក្តៅក្រហាយ និងទាមទារឱ្យចាកចេញពីតំណែងនោះ បាននិយាយមកកាន់លោកថា ពួកគេមិនត្រូវការលុយ (១,៨ពាន់លានដុល្លារ) ដែលលោកដាក់ដើម្បីចង់ទិញក្លិបនេះទេ។
យ៉ាងណាក៏ដោយ មហាសេដ្ឋីវ័យ ៣៨ឆ្នាំរូបនេះនៅតែមានបំណងចង់បានក្លិបនេះដដែល ដោយប្រភពជិតស្និទ្ធបានទម្លាយថា លោកនឹងមិនដកខ្លួនទៅណាឡើយ ដរាបណាកិច្ចព្រមព្រៀងចរចាទិញយកក្លិប Arsenal មិនបានសម្រេច។
លោក Daniel Ek ដែលជាស្ថានិកនៃកម្មវិធីស្តាប់ចំរៀង Spotify បានចាប់ផ្តើមដាក់សំណើរទិញយកក្លិបនេះ តាំងពីមានការប្រកាសដួលរលំនៃគម្រោង European Super League ហើយលោកមិនមែនមានតែម្នាក់ឯងឡើយក្នុងគម្រោងដេញថ្លៃក្លិបខាងលើ ពោលគឺនៅពីក្រោយខ្នងការដេញថ្លៃនេះ លោកក៏នៅមានវីរបុរសក្លិបកាំភ្លើងធំមួយចំនួនដូចជា Thierry Henry, Dennis Bergkam និង Patrick Vieira ចាំជួយពិភាក្សាបន្ថែមដែរ។ អ្វីដែលនាំឱ្យបុរសខាងលើនេះដាក់ចិត្តដេញថ្លៃឱ្យខានតែបាន ដោយសារតែកន្លងមកលោកធ្លាប់បានលើកឡើងថា លោកគឺជាអ្នកគាំទ្រក្លិប Arsenal តាំងពីអាយុ ៨ឆ្នាំមកម្ល៉េះ៕