
រដ្ឋាភិបាលនឹងផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ថ្ងៃក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបញ្ជាក់ថារដ្ឋាភិបាលនឹងផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនិងក្រុមការងារការងារចាក់វ៉ាក់សាំងទាំងអស់អាចធ្វើដំណើរទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅមូលដ្ឋានរៀងខ្លួន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថាការផ្អាកនេះគឺធ្វើឡើងតាមចំណារឯកភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកស្រីបញ្ជាក់ថារដ្ឋាភិបាលនឹងចាប់ដំណើរការចាក់វ៉ាក់សាំងជាប្រក្រតីវិញចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយទាំងអស់ចំនួន ១៧ បានឈរឈ្មោះ បោះឆ្នោតដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែឧសភាតទៅ៕