ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិភាគ៖ តើទំនាក់ទំនងកម្ពុជា-អាមេរិកនឹងមានរីកចម្រើនល្អប្រសើរដែរឬទេ?

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើម បន្ថែមលើនេះក្នុងពេលដែលកម្ពុជានិងប្រទេសចិនកាន់តែកៀក ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-អាមេរិកក៏ត្រូវបានមើលឃើញកាន់តែច្បាស់ថែមទៀត។ បើទោះជាយ៉ាងណាក្នុងឱកាសជួបជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដាជាង២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានដើរដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម។

សម្ដេចតេជោជឿថា បញ្ហាមួយចំនួនដែលកម្ពុជា-អាមេរិក បានយល់ច្រលំនឹងគ្នានឹងអាចធ្វើការស្រម្រុះសម្រួលជាមួយគ្នាតទៅទៀត។ សម្ដេចថា «កម្ពុជាចង់ជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងអាមេរិកផងដែរ»។

សំណួរសួរថា៖ តើទំនាក់ទំនងកម្ពុជា-អាមេរិកនឹងមានរីកចម្រើនល្អប្រសើរដែរឬទេ?

ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា តាមរយៈការពិនិត្យមើលឥរិយាបទនៃកិច្ចប្រជុំអាស៊ាន-អាមេរិក គឺបានជំរុញដល់ទំនាក់ទំនងនៃប្រទេសកម្ពុជា និងអាមេរិក តែថាដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតកំពូលស៊ីជម្រៅគ្រប់ជ្រុងជ្រោយគឺតម្រូវឱ្យមានសុឆន្ទៈនៃប្រទេសទាំងសងខាង។

លោកយល់ថាជាទូទៅកម្ពុជាតែងបង្ហាញនូវបំណងយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងជាមួយអាមេរិក និងប្រទេសនានានៅលើពិភពលោក។

លោកថា៖ «អញ្ចឹងសួរថាតើវារឹងមាំ និងមានយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរយ៉ាងណានោះ គឺវាចំណុះនឹងសុច្ឆន្ទៈនិងគោលបំណងក៏ដូចជាភាពស្មោះត្រង់របស់សហរដ្ឋអាមេរិកជាមួយកម្ពុជាផងដែរ»។

កម្ពុជាបានចំណាយលុយជាង៧២ម៉ឺនដុល្លារសម្រាប់ជួលក្រុមហ៊ុនបញ្ចុះបញ្ជូលអាមេរិក Akin Gump Strauss Hauer & Feld LLP ដើម្បីជួយបញ្ចុះបញ្ជូលឱ្យសហរដ្ឋអាមេរិកឱ្យយល់ពីប្រទេសកម្ពុជាបន្ថែមទៀតជាពិសេសលើចំណុចដែលយល់ច្រលំលើកម្ពុជា។

ក្នុងឱកាសទទួលជួបជាមួយតំណាងក្រុមហ៊ុន Akin Gump លោក Scott David Parven នៅសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី១២ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់លោក Scott ធ្វើយ៉ាងណាពន្យល់ដល់សហរដ្ឋអាមេរិកឱ្យបានយល់ពីកម្ពុជាបន្ថែមទៀត។ លើសពីនេះសម្ដេចតេជោក៏ជួបជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណរបស់អាមេរិកលោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello) ជំរុញឱ្យមានការផ្សព្វផ្សាយការពិតពីកម្ពុជាទៅកាន់ពិភពលោកឱ្យបានច្រើន ជាជាងពិនិត្យតែលើប្រព័ន្ធផ្សព្វផ្សាយប្រឆាំងហើយវាយតម្លៃលើប្រទេសកម្ពុជាទាំងមូល។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University លោកបណ្ឌិត អៀ សុផល បានឱ្យ EAC News ដឹងតាមរយៈសារអេឡិចត្រូនិចអ៊ីម៉ែលថា ការជួលក្រុមហ៊ុនបញ្ចុះបញ្ជូលមិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាបានភាពល្អប្រសើរនោះទេ។

លោកថា៖ «ការបញ្ចុះបញ្ចូលគឺជារឿងកន្លងហួសរបស់រដ្ឋធានីវ៉ាស៊ីនតោននាពេលកន្លងមក។ អ្នកណាៗក៏ធ្វើដែរឱ្យតែមានលុយចំណាយ តាំងពីអារ៉ាប៊ីសាអូឌីត រហូតមកកម្ពុជា។ ហេតុអ្វីបានជានាយករដ្ឋមន្ត្រីខ្ជះខ្ជាយពេលទៅនិយាយជាមួយអ្នកបញ្ចុះបញ្ចូលរបស់ខ្លួន?»។

ទោះជាយ៉ាងណាសម្រាប់លោកបណ្ឌិត គិន ភា វិញយល់ថាការជួលក្រុមហ៊ុនបញ្ចុះបញ្ចូលដើម្បីជួយដល់ទំនាក់ទំនងកម្ពុជា-អាមេរិកនេះ យ៉ាងហោចណាស់ក៏កម្ពុជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក។

លោកថា៖ «ជាការមើលឃើញរបស់ខ្ញុំ តិចឬច្រើនក្រុមហ៊ុននេះយ៉ាងហោចណាស់ក៏បាននាំនូវរូបភាពពិតខ្លះអំពីប្រទេសកម្ពុជាទៅដល់អ្នកធ្វើគោលនយោបាយរបស់សហរដ្ឋអាមេរិកក៏ដូចជាសាធារណជនសហរដ្ឋអាមេរិកដែរ។ ហើយសួរថាតើក្រុមហ៊ុននេះអាចជួយបានកម្រិតណា អាចនឹងនាំឱ្យកម្ពុជាយើងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកកម្រិតណានោះខ្ញុំគិតថាពិបាកប៉ាន់ស្មានណាស់! ព្រោះតាមរយៈការទូតរបស់អាមេរិកកន្លងមកនេះគឺមិនមានការផ្លាស់ប្ដូរអីច្រើនចំពោះប្រទេសកម្ពុជាដោយសារតែឥទ្ធិពលដែលក្រុមហ៊ុនហ្នឹងបានជួយទេ»។

ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រោយពេលប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី១៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Anthony j. Blinken ក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ លោកជំរុញឲ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់នយោបាយ និងអនុញ្ញាតឲ្យអ្នកនយោបាយបក្សប្រឆាំងចូលរួមដោយសេរីក្នុងការបោះឆ្នោតខាងមុខ។

លោកក៏បានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីរបៀបដែលការសាងសង់កន្លែងយោធារបស់សាធារណរដ្ឋប្រជាមានិតចិននៅមូលដ្ឋានទ័ពជើងទឹករាម អាចជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខក្នុងតំបន់។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណើរការប្រកបដោយបរិយាបន្ន និងសេរីភាពនៃការបញ្ចេញមតិ។ លោកបានលើកឡើងពីការបោះឆ្នោតនៅកម្ពុជាដែលជាទៀងទាត់ មានលក្ខណៈសេរី យុត្តិធម៌ ការពារសិទ្ធិ និងសុខមាលភាពរបស់ប្រជាជនផងដែរ។ ចំពោះការចោទប្រកាន់លើមូលដ្ឋានជើងទឹករាមវិញលោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅកម្ពុជាឡើយ។

លោកបានគូសបញ្ជាក់ថា៖ «ការកែលំអមូលដ្ឋានទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ»។

សម្រាប់លោក អៀ សុផល ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអាមេរិកកម្ពុជាមិនចាំបាច់ត្រូវការអ្នកបញ្ចុះបញ្ចូលនោះទេ អ្វីដែលកម្ពុជាត្រូវធ្វើគឺឆ្លើយតបនឹងបញ្ហាជាក់ស្ដែងដែលរដ្ឋាភិបាលអាមេរិកចោទប្រកាន់ដូចជា បញ្ហាជាមួយចិន បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឱ្យបានប្រសើរឡើង។

ដោយឡែកលោក គិន ភា វិញយល់ថាកម្ពុជាបានខិតខំប្រឹងប្រែងឆ្លើយតបជាមួយអាមេរិកអស់ហើយតែអ្វីដែលសំខាន់គឺនៅតែភាគីអាមេរិកទេដែលសម្រេចថានឹងបង្កើនទំនាក់ទំនងល្អជាមួយកម្ពុជាឬយ៉ាងណានោះ។

លោកបណ្ឌិត គិន ភា៖ «ជាការពិតយើងបានខិតខំប្រឹងប្រែងតាមរយៈការជួលក្រុមហ៊ុនឱ្យនាំរូបភាពពិតពីកម្ពុជា តាមរយៈការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាក្របខណ្ឌគោលនយោបាយការបរទេសរបស់យើងនៅក្នុងធម្មនុញ្ញរបស់យើងគឺថាអ្វីដែលកម្ពុជាគួរធ្វើគឺកម្ពុជាធ្វើបានអស់ហើយ។ សំខាន់គឺភាគីអាមេរិកមានគោលបំណងភាពស្មោះត្រង់ក្នុងការលើកតម្កើនទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជាឬអត់»៕

សម្ដេចតេជោ បានពន្យល់ពីមូលហេតុដែលទំនាក់ទំនងកម្ពុជា-អាមេរិកឈានដល់ចំណុចកំពូលនោះគឺ ស្ថានទូតអាមេរិកមានទីតាំងឈរជើងរឹងមាំនៅកម្ពុជា និងការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

សម្ដេចថា៖ «ទំនាក់ទំនងរវាងកម្ពុជាអាមេរិក បានដើរដល់ចំណុចកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ពិតមែនតែវាមានលិចអណ្ដែតៗ តែសុំសង្កេតមើលបញ្ហា២មុនគេ។ ទី១ មុនឆ្នាំ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួនកម្ពុជាឬអត់? គឺអត់ទេ។ អាមេរិកជួលផ្ទះគេនៅទេ។ ក្រោយឆ្នាំ២០០០ ជាពិសេសក្រោយដំណាក់កាលកម្ពុជារកឃើញសន្ដិភាពពេញលេញ អាមេរិកបានកសាងស្ថានទូតនៅកម្ពុជា ទីតាំងស្ថានទូតនៅកម្ពុជាគឺជាទីតាំងដែលល្អបំផុតបើសិនជាមិនមែនជាអាមេរិកទេខ្ញុំអត់ផ្ដល់ឱ្យទេព្រោះវាជាក្លិបរបស់យុវជនជិតវត្តភ្នំបណ្ដោយ។ […] ទីពីរក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មពេលនេះគឺពេលដេលមានទំនាក់ទំនងពាណិជ្ជកម្មធំបំផុត ទំហំពាណិជ្ជកម្មដែលនាំចូលមកអាមេរិកជាង៩ពាន់លាន ឥឡូវក្រុមហ៊ុនអាមេរិកកាន់តែច្រើនទៅស្រុកខ្មែរ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក