ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសួរទៅកាន់សហរដ្ឋអាមេរិកថាសកម្មភាពនៃការប៉ុនប៉ង និងធ្វើសកម្មភាពយកស្បែកជើងគប់អ្នកដទៃចាត់ទុកជាសកម្មភាពបញ្ចេញមតិ ឬហិង្សា? និងថាប្រសិនជាអាមេរិកចាត់ទុកសកម្មភាពនេះជាការបញ្ចេញមតិនោះវានឹងអាចរាលដាលដល់ប្រទេសដទៃ រួមទាំងកម្ពុជាផងដែរ។ សម្ដេចបានផ្ដាំឱ្យអ្នកវិភាគទាំងឡាយប្រយ័ត្ននូវការវិភាគលើរឿងនេះ ជៀសវាងការបំភ្លៃ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ធ្វើឡើងនៅសាលពិព័ណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីបញ្ជូនសារនេះទៅកាន់រដ្ឋបាលសហរដ្ឋអាមេរិកដើម្បីបញ្ជាក់ករណីហិង្សាគប់ស្បែកជើងពីសំណាក់អ្នកប្រឆាំងរដ្ឋាភិបាល ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកសកម្មភាពគឺជាការបញ្ចេញមតិ។
សម្ដេចតេជោថា៖ «នៅអាមេរិកធ្វើបាន នៅស្រុកខ្មែរក៏ធ្វើបានដែរ។ នេះជាហានិភ័យមួយខ្ពស់ណាស់! សុំឱ្យអ្នកគាំទ្រអត់ធ្មត់ ខ្ញុំអត់លើទឹកចិត្តឱ្យធ្វើសកម្មភាពអីទាំងអស់។ […] បើសហរដ្ឋអាមរិក ចាត់ទុកអំពើហិង្សាបែបនេះជាសិទ្ធិបញ្ចេញមតិ។ ពេលនោះនឹងមានចរន្តគ្រប់ទីកន្លែងទូទាំងពិភពលោក រួមទាំងនៅកម្ពុជា»។
សម្ដេចតេជោបារម្ភខ្លាចថាប្រសិនជាអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេញមតិនោះ អ្នកគាំទ្រសម្ដេចអាចប្រើប្រាស់វិធានការនេះលើក្រុមប្រឆាំងដូចគ្នា។
សម្ដេចតេជោបានបញ្ជាក់ថា សម្តេចមិនចង់ឱ្យអាមេរិកចាត់វិធានការលើអ្នកដែលគប់ស្បែកជើងនោះទេ គឺគ្រាន់តែសុំឱ្យអាមេរិកបញ្ជាក់តែប៉ុណ្ណោះ៕
PHOTO: EAC NEWS