ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនផលិតវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលចេញវិញ បន្ទាប់ពីទទួលការរាយការណ៍ពីភាគីចិនថាភាគីកម្ពុជាមានការយឺតយ៉ាវក្នុងការបង្កើតរោងចក្រផលិត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរក្រសួងសុខាភិបាលពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឹកូវីដ-១៩ នៅកម្ពុជាដោយបញ្ជាឱ្យរាយការណ៍ជូនសម្ដេចជារៀងរាល់សប្ដាហ៍ ហើយថាប្រសិនជាក្រុមហ៊ុនធ្វើមិនកើតឱ្យដកអាជ្ញាបណ្ណចេញវិញ ទុកឱ្យរដ្ឋជាអ្នកធ្វើ។
សម្ដេចថ្លែងថា៖ «ខុសគ្នារឿងអីមានបញ្ហាអី មិចមិនរាយការណ៍ជូនរដ្ឋាភិបាល ហើយក្រសួងសុខាភិបាលកុំទ្រើកៗ។ […] បើធ្វើមិនកើតឱ្យរដ្ឋផលិតតែម្ដង»។
សម្ដេចបញ្ជាក់ថា សម្ដេចត្រូវការវ៉ាក់សាំងនៅក្នុងដៃ និងថាកម្ពុជា «មិនទុកឱ្យពលរដ្ឋស្លាប់ដោយគ្មានវ៉ាក់សាំងនោះទេ»៕
PHOTO: EAC NEWS