ប្រតិភូអមប្រធានអាស៊ានបញ្ជាក់ថាផែនការសកម្មលើដែនសមុទ្ររវាងអាស៊ាននិងអាមេរិកមិនទាន់ឈានដល់ការពិភាក្សាលំអិតនោះទេ
ភ្នំពេញ៖ សហរដ្ឋអាមេរិកនៅមុនពេលបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានលើកឡើងពីគំនិតផ្ដួចផ្ដើមមួយដែលមានតម្លៃ ១៥០លានដុល្លារសម្រាប់ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការណ៍អាស៊ាន-អាមេរិក ក្នុងនោះមាន ៦០លានដុល្លារគឺជាជំនួយដល់កិច្ចសហការដែនសមុទ្រដែលទំនងនឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន។ ទោះជាយ៉ាងណារដ្ឋមន្ត្រីប្រតិភូអមប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថាកិច្ចសហការនេះនៅមិនទាន់មានការពិភាក្សាលំអិតចេញជាផែនការសកម្មភាពនៅឡើយទេ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគឺលោក កៅ គឹមហួន បានបញ្ជាក់ទៅនឹងសំណួរ EAC News ពាក់ព័ន្ធនឹងកិច្ចសហការដែនសមុទ្ទរួមគ្នារវាងអាមេរិក និងអាស៊ានថា គឺគ្រាន់តែជាទស្សនទានរួមរវាងតំបន់ទាំងពីរមិនមានអ្វីចេញជាផែនការសកម្មភាពជាក់លាក់នៅឡើយទេ ដោយថាត្រូវការពេលបន្ថែមទៀតដើម្បីលំអិតលើសកម្មភាពនេះ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា កិច្ចសហការលើដែនសមុទ្ររវាងអាស៊ាន និងអាមេរិក គឺផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងអស់ដែលរួមទាំងសន្ដិសុខ គ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពផ្សេងទៀតដែលខុសច្បាប់។
លោក កៅ គឹមហួន បញ្ជាក់ថា៖ «អ្វីដែលសំខាន់គឺការកសាងសមត្ថភាព និងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងការធ្វើរបាយការណ៍ ជាពិសេសការនេសាទខុសច្បាប់ អាហ្នឹងក៏នៅក្នុងហ្នឹងដែរ ការនេសាទខុសច្បាប់ នៅលើដែនសមុទ្រយើង ឬដែនសមុទ្រផ្សេងទៀតនៅឯរដ្ឋជាសមាជិកអាស៊ាន។ យើងជាក់ស្ដែងនឹងទៅជាអញ្ចឹងមានការសហការគ្នា មានការផ្លាស់ប្ដូរព័ត៌មានមានការបណ្ដុះបណ្ដាលហូរហែហ្នឹង! ដូច្នេះនេះគ្រាន់ជាការប្រមើលមើល អ្វីដែលគាត់ធ្វើមកក្នុងវិស័យផ្សេងៗទៀត គ្រាន់តែជាក់ស្ដែងតើផែនការសកម្មភាពអនុវត្តទស្សនទានរួមគឺថានឹងអាចធ្វើឡើងនាពេលខាងមុខនេះ»។
ក្នុងឯកសារទស្សនវិស័យរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ឆ្នាំ២០២២ ភាគីទាំងពីរបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងលំហសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ អាស៊ាន-អាមេរិក មានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់លំហសមុទ្រ ដើម្បីសហការកែលម្អការយល់ដឹងអំពីលំហសមុទ្រ ការស្វែងរក និងការជួយសង្គ្រោះ សន្តិសុខលំហសមុទ្រ និងទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាមរយៈការចែករំលែកព័ត៌មាន ឧត្តម្មានុវត្តន៍ និងជំនាញ ព្រមទាំងជំនួយបច្ចេកទេស ដែលនឹងបំពេញបន្ថែម និងមិនចម្លងយន្តការដែលមានស្រាប់។ ភាគីទាំងពីរបានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹកប្រែងការពារស្ដារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយចីរភាព។
ចំណុចទី១០នៃទស្សនវិស័យរួមនៃកិច្ចប្រជុំកំពូលនេះសរសេរថា៖ «យើងប្ដេជ្ញាចិត្តរក្សាសន្ដិភាព សន្ដិសុខ និងស្ថិរភាពក្នុងតំបន ព្រមទាំងធានាសន្ដិសុខ និងសុវត្ថិភាពតាមលំហសមុទ្រ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវចរណ៍ និងការហោះហើរពីលើ និងការប្រើប្រាស់សមុទ្រដែលស្របច្បាប់ផ្សេងទផេ និងពាណិជ្ជកម្មតាមលម្ហសមុទ្រស្របច្បាប់ដោយគ្មានការរារាំង ដូចដែលមានចែងនៅក្នុង UNCLOS ឆ្នាំ១៩៨២ ក៏ដូចជាការមិនធ្វើយោធាតួបនីយកម្ម និងការអត់ធ្មត់ផ្ទាល់ខ្លួនក្នុងការប្រព្រឹត្តិសកម្មភាពផ្សេងទៀត»។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មុនកិច្ចប្រជុំអាស៊ានអាមេរិក សេតវិមានប្រធានាធិបតីឱ្យដឹងថាក្នុងគំនិតផ្ដួចផ្ដើមដែលមានតម្លៃ ១៥០លានដុល្លារ ក្នុងនោះ ៦០លានដុល្លារនឹងត្រូវផ្ដល់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដែលភាគច្រើននឹងត្រូវដឹកនាំដោយឆ្មាំឆ្នេរសមុទ្រអាមេរិក (USCG)។ USCG នឹងដាក់ចាត់ចែងលុយ និងសម្ភារៈ ព្រមទាំងចាត់តាំងបុគ្គលិកបន្ថែមទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ថែមទាំងដាក់ពង្រាយឧបករណ៍កាត់ផ្ដាច់ទៅកាន់អាស៊ីអាគ្នេយ៍ និងអូសេអានី សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រួមទាំងបណ្ដុះបណ្ដាលប្រទេសក្នុងតំបន់អាស៊ានលើកិច្ចការទាំងនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសចិន និងអាស៊ានមិនចូលរួមក្នុងល្បែងមានអ្នកចាញ់ ឬការប្រឈមមុខគ្នាក្នុងប្លុកនោះទេ ហើយប្រទេសចិនស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការណាមួយដែលលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពយូរអង្វែង និងវិបុលភាពរួមនៅក្នុងតំបន់។
លោក Zhao ថា៖ «ចិន និងអាមេរិក គឺជាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលអាចមានមិត្តរួម ប៉ុន្តែគន្លឹះសំខាន់គឺស្តាប់សេចក្តីប្រាថ្នារបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីរក្សាសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកការអភិវឌ្ឍន៍រួមគ្នា និងប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ផ្ដើមសាងសង់ប្រជុំកោះ Spratly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន ៥ ដែលរួមមាន ភីលីពីន ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេសដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ។
ប្រធានរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានឱ្យ EAC ដឹងថា តាមរយៈការបង្កើនទំនាក់ទំនងជាមួយអាស៊ាននៅឆ្នាំនេះ បង្ហាញថាអាមេរិកកំពុងចង់ត្រលប់មកបង្កើនឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើងវិញក្រោយបារម្ភពីឥទ្ធិពលររបស់ចិន និងបន្ទាប់ពីបរាជ័យនៅតំបន់អាហ្វ្រិក និងអាស៊ីបូព៌ា។ លោកបន្ថែមថាការបង្កើនកិច្ចសហការលើលំហសមុទ្ររវាងអាស៊ាន និងអាមេរិក គឺគ្រាន់តែជាការប្រមូលកម្លាំងបណ្ដោះតែមិនអាចមានឥទ្ធិពលអ្វីធ្ងន់ធ្ងរលើចិននោះទេ។
លោកថា៖ «ខ្ញុំគិតថានេះគឺគ្រាន់តែជារូបភាពទេ ដើម្បីប្រមូលកម្លាំងទេ។ ធាតុពិតគឺអ្នកដែលខ្លាំងគឺកូរ៉េខាងត្បូង និងជប៉ុនឯណោះទេ។ អាស៊ានឃើញថាវា៣ - ៤ចំណុះ ភីលីពីន ម៉ាឡេស៊ី ហើយនឹងឥណ្ឌូនេស៊ីអីហ្នឹង ជាប់វៀតណាម វាជាប់[បញ្ហាជាមួយចិន] ប៉ុន្ដែនេះវាជាការពូនផ្ដុំដើម្បីទប់ទល់ស្ថានការណ៍ទេ។ តែបញ្ហានេះគឺមានតែការសម្រុះសម្រួល ដោះស្រាយដោយសន្ដិវិធី ព្រោះបទពិសោធន៍ដែលភាពរឹងទទឹងរបស់អាមេរិក និងណាតូហ្នឹងហើយដែលធ្វើឱ្យពិភពលោកឈឺក្បាលរុស្ស៊ីទប់មិនបានវាបង្កឱ្យមានសង្គ្រាមឈ្លានពាន[អ៊ុយក្រែន]ហ្នឹង»។
ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១១ ខែឧសភា ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជាង ២០០០នាក់ ថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់កម្ពុជាឈរលើគោលការណ៍៣គឺ ត្រូវបម្រើដល់សន្ដិភាពនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពឯកភាពមជ្ឈភាពរបស់អាស៊ាន។
សម្ដេចថា៖ «នេះជាគោលការណ៍៣ ដែលយើងសម្រេចថាគាំទ្រ ឬមិនគាំទ្រនៅក្នុងក្របខណ្ឌនិងគំនិតផ្ដួចផ្ដើមទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក។ ខ្ញុំបានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនអំពីការគាំទ្ររបស់ខ្ញុំនូវគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ អាស៊ានក៏មានគំនិតផ្ដួចផ្ដើមស្ដីពីឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ឥឡូវកំពុងតែរៀបចំផែនការសកម្មភាព ដូច្នេះអាស៊ានមិនអាចដើរគាំទ្រអ្នកនេះ គាំទ្រអ្នកនោះ ដោយភ្លេចនូវអ្វីដែលជាគោលការណ៍របស់ខ្លួនបានដាក់ចេញនោះទេ។ វាស្របនឹងគោលជំហររបស់កម្ពុជា»៕