ភ្នំពេញ៖ គោលនយោបាយ៧ចំណុចរបស់បក្សភ្លើងទៀនដែលលោក សុន ឆ័យ អតីតភ្នាក់ងារចារកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងអង្គសមាជរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យទី១៥ឧសភា នេះគ្មានអ្វីថ្មីទាល់តែសោះ ពោលគឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ឲ្យអនុវត្តជាយូរមកហើយ។ ជាក់ស្តែង៖
ចំណុចទី១៖ ស្តីពីសិទ្ធិអំណាច៖ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាឃុំសង្កាត់គឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានអនុវត្តជាច្រើនអាណត្តិមកហើយ។ប្រជាពលរដ្ឋមានសិទ្ធិចូលរួម ឬត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ រឺចូលរួមក្នុងវេទិកាសាធារណ:ដែលរៀបចំដោយមន្ត្រីថ្នាក់ជាតិ និងថ្នាក់ឃុំសង្កាត់ដើម្បីស្តាប់ការសម្រេចរបស់អាជ្ញាធរមូលដ្ឋានផង និងផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាផង។
ចំណុចទី២៖ ស្តីពីសេវាសាធារណៈ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមិនយកកម្រៃហើយបើត្រូវបង់សេវាក៍ត្រូវបង់ទៅតាមការកំណត់របស់រដ្ឋ។ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយគឺជាឧទាហរណ៍ជាក់ស្តែងដែលរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំមកហើយ និងកំពុងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ប្រជាពលរដ្ឋកំពុងទទួលផលពីការិយាល័យច្រកចេញចូលតែមួយតាមរយៈការទទួលបានសេវាឆាប់រហ័សងាយស្រួល និងដោយគ្មានបង់កម្រៃសេវាក្រោមតុឡើយ។
ចំណុចទី៣៖ ស្តីពីសន្តិសុខសុវត្ថិភាព៖ គ្មានគ្រឿងញៀនគ្មានអំពើអបាយមុខ ក៏គណបក្សភ្លើងទៀនចម្លងចេញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណបក្សប្រជាជនកម្ពុជាដែរ។ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវបានប្រកាសដាក់ចេញជាច្រើនឆ្នាំមកហើយ គឺសំដៅធ្វើឲ្យភូមិឃុំមានសន្តិសុខ ល្អ គ្មានគ្រឿងញៀន និងអំពើអបាយមុខនានា។ ទោះយ៉ាងណាបញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលដែលគ្មានប្រទេសណាអាចលុបបំបាត់ទាំងស្រុងបានឡើយរាប់ទាំងមហាប្រទេសជឿនលឿនផងដែរ។
ចំណុចទី៤៖ការការពារកម្មសិទ្ធិដីធ្លី និងធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា។ក្រោយចាកចេញពីរបបខ្មែរក្រហមពលរដ្ឋខ្មែរគ្មានកម្មសិទ្ធិឯកជនទេរាប់ទាំងកម្មសិទ្ធិដីធ្លីផង។ប៉ុន្តែគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែលបានដឹកនាំធ្វើកំណែទម្រង់រៀបចំឲ្យមានកម្មសិទ្ធិឯកជន និងកម្មសិទ្ធិដីធ្លីរហូតដល់បច្ចុប្បន្ន។ ហើយបើនិយាយពីការធ្វើឲ្យពលរដ្ឋមានជីវភាពធូរធាគ្មាននរណាអាចធ្វើបានដូច គណបក្សប្រជាជនកម្ពុជា នោះទេ។ ចាប់តាំងពីបាតដៃទទេគ្មានស្បែកជើងពាក់គ្មានកង់ជិះរហូតពលរដ្ឋខ្មែរបាននិងកំពុងរស់ក្នុងភាពសម្បូរសប្បាយយានយន្តស្ទះណែនពេញផ្លូវដូចសព្វថ្ងៃ គឺជាស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា។
ចំណុចទី៥៖ ស្តីពីការខ្ចីបុល និងការបង្កើតមូលនិធិជួយជនក្រីក្រ ក៏ជាកិច្ចការដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើរួចហើយដែរ។ជាក់ស្តែង ពលរដ្ឋខ្មែរជាច្រើនបានទទួល ផលពីសេវាកម្ចីឥណទានដើម្បីយក ទៅបង្កើតមុខរបរ អាជីវកម្ម និងទិញផ្ទះសម្បែងជាដើម។ក្នុងករណីដែលពលរដ្ឋដែលជាកូន បំណុលជួបហានិភ័យរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយតាមរយៈការសម្របសម្រួលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីពន្យារពេលនៃការសង ឬការរៀបចំឡើងវិញនូវឥណទាន ដូចករណីវិបត្តិកូវីដ១៩ ជាដើម។និយាយពីមូលនិធិសម្រាប់ជួយគ្នាវិញ គឺមានស្ទើរតែគ្រប់ស្ថាប័ន។ ចំណែកពលរដ្ឋក្រីក្រក៏តែងតែ ទទួលបាននូវការយកចិត្តទុកដាក់ជួយពីសំណាក់អាជ្ញាធរផង កាកបាទក្រហមកម្ពុជាផង និងពីក្រុមការងារ ចុះជួយមូលដ្ឋានផងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង។ល។
ចំណុចទី៦៖ ស្តីពីប័ណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ៖ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានអនុវត្តជា យូរមកហើយតាមរយៈការផ្តល់ប័ណ្ណសមធម៌ជូនដល់ពលរដ្ឋក្រីក្រ និងការចេញកាត «បសស» ដល់បុគ្គលិក និយោជិតក្នុងវិស័យឯកជន និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនដើម្បីទទួលបានការព្យាបាលជំងឺដោយឥតបង់ប្រាក់។ ក្រៅពីនោះ ក៏នៅមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់មូលដ្ឋានទៀតផង។
ចំណុចទី៧៖ ស្តីពីឱកាសដូចគ្នាក្នុងការអប់រំ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញជាយូរមកហើយដែរក្រោមទិសស្លោក« ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។ កំណែទម្រង់វិស័យអប់រំក៍កំពុងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
សរុបមកវិញ គោលនយោបាយទាំង៧ចំណុចរបស់គណបក្សភ្លើងទៀនគឺបានចម្លងចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង ពោលគឺបក្សភ្លើងទៀនពិតជាគ្មានធនធានមនុស្សដើម្បីសរសេរជាគំនិតថ្មីដើម្បីលើកមកឃោសនារក សំឡេងឆ្នោតឡើយ។ នេះជាហេតុផលដែលសកម្មជន និងបេកជន ពេញសិទ្ធិ និងបេក្ខជន បម្រុងសម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនជាច្រើនបានចាកចេញពីគណបក្សនេះហើយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕