លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាស៊ាន-អាមេរិក ជំរុញកិច្ចសហការដែនសមុទ្រខណៈប្រទេសមួយចំនួនកំពុងមានជម្លោះជាមួយចិន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអាស៊ាន បានសន្យាជំរុញនូវការងារជាច្រើនជាមួយគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី២ នៃកិច្ចប្រជុំ។ ក្នុងនោះក៏មានការសហការដែនសមុទ្រជាមួយគ្នាផងដែរ។ 

ក្នុងកិច្ចប្រជុំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយនឹងមេដឹកនាំអាមេរិក ភាគីទាំងពីរបានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែកលំហសមុទ្រ និងទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន និងជំនាញដែលនឹងបំពេញបន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។ 

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មុនកិច្ចប្រជុំអាស៊ានអាមេរិក សេតវិមានប្រធានាធិបតីឱ្យដឹងថា លោក ចូ បៃឌិន បានប្រកាសពីគំនិតផ្ដួចផ្ដើមមួយដែលមានតម្លៃ ១៥០លានដុល្លារ និងរពឹងថាអាចប្រមូលថវិការឯកជនបានរាប់ពាន់លានបន្ថែមទៀត ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានកាន់តែស៊ីជម្រៅ ពង្រឹងភាពជាកណ្តាលរបស់អាស៊ាន និងពង្រីកសមត្ថភាពរួមដើម្បីសម្រេចបាននូវគោលបំណងរួមអាស៊ាន-អាមេរិក។

ក្នុងលុយ ១៥០លានដុល្លារនោះ ៦០លានដុល្លារនឹងត្រូវផ្ដល់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដែលភាគច្រើននឹងត្រូវដឹកនាំដោយឆ្មាំឆ្នេរសមុទ្រអាមេរិក (USCG)។ USCG នឹងដាក់ចាត់ចែងលុយ និងសម្ភារៈ ព្រមទាំងចាត់តាំងបុគ្គលិកបន្ថែមទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ថែមទាំងដាក់ពង្រាយឧបករណ៍កាត់ផ្ដាច់ទៅកាន់អាស៊ីអាគ្នេយ៍ និងអូសេអានី សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រួមទាំងបណ្ដុះបណ្ដាលប្រទេសក្នុងតំបន់អាស៊ានលើកិច្ចការទាំងនេះផងដែរ។ 

ចំណុចចុងក្រោយនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានអាមេរិកឱ្យដឹងថា៖ «USCG និងក្រសួងការបរទេសនឹងផ្តល់ការបណ្តុះបណ្តាលថ្មីស្តីពីការការពារថាមពល ការការពារហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រដ៏សំខាន់ និងការឆ្លើយតបនឹងគ្រោះថ្នាក់ទាំងអស់»។

ប្រទេសក្នុងតំបន់អាស៊ានជាច្រើនកំពុងតែមានជម្លោះដែនសមុទ្រជាមួយចិន។ ការធ្វើសហប្រតិបត្តិការណ៍នេះចង់មិនចង់ក៏នឹងប៉ះពាល់ដល់ប្រទេសចិនផងដែរ។ ទោះជាយ៉ាងណាចិនមិនទាន់មានប្រតិកម្មយ៉ាងណាចំពោះកិច្ចសហការរដែនសមុទ្ររវាងអាមេរិក និងអាស៊ានទេ តែសារព័ត៌មានរដ្ឋចិន Global Time បានចុះផ្សាយក្នុងចំណងជើងធំៗថា «កិច្ចប្រជុំកំពូលរបស់លោក Biden ជំរុញឱ្យអាស៊ានប្រឈមមុខនឹងប្រទេសចិន ដំណើរការប្រឆាំងនឹងផលប្រយោជន៍របស់ពួកគេ (Biden’s summit pushes ASEAN to confront China, runs counter to their interest)»។ 

ក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា Global time បានដកស្រង់ប្រសាសន៍របស់អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមសៀងហៃ លោក Li Kaisheng ដែលបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ជាឯកតោភាគីនូវកិច្ចសហប្រតិបត្តិការដែនសមុទ្រដល់អាស៊ាន បើទោះបីជាមេដឹកនាំអាស៊ានភាគច្រើនមិនត្រូវការ ហើយមានការប្រុងប្រយ័ត្នក៏ដោយ។ បំណងតែមួយគត់របស់អាមេរិកគឺជំរុញអាស៊ានប្រឈប់មុខនឹងចិន ដើម្បីបម្រើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។

លោក Li Kaisheng បានប្រាប់ Global Times ថាសហរដ្ឋអាមេរិកបានព្យាយាមប្រើប្រាស់កិច្ចសហប្រតិបត្តិការនេះ ដើម្បីទាញអាស៊ានទៅក្នុងការប្រកួតប្រជែងរវាងចិន និងអាមេរិក ហើយទាញប្លុកនេះ (អាស៊ាន) ឱ្យនៅខាងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ប្រទេសចិន និងអាស៊ានមិនចូលរួមក្នុងល្បែងមានអ្នកចាញ់ ឬការប្រឈមមុខគ្នាក្នុងប្លុកនោះទេ ហើយប្រទេសចិនស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការណាមួយដែលលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពយូរអង្វែង និងវិបុលភាពរួមនៅក្នុងតំបន់ជាមួយនឹងការវិនិយោគ ១៥០លានដុល្លារអាមេរិក។

លោក Zhao ថា៖ «ចិន និងអាមេរិក គឺជាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលអាចមានមិត្តរួម ប៉ុន្តែគន្លឹះសំខាន់គឺស្តាប់សេចក្តីប្រាថ្នារបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីរក្សាសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកការអភិវឌ្ឍន៍រួមគ្នា និងប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។ 

ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ផ្ដើមសាងសង់ប្រជុំកោះ Spartly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន ៥ ដែលរួមមាន ភីលីពីន ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេសដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ។

ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១១ ខែឧសភា ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជាង ២០០០នាក់ ថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់កម្ពុជាឈរលើគោលការណ៍៣គឺ ត្រូវបម្រើដល់សន្ដិភាពនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពឯកភាពមជ្ឈភាពរបស់អាស៊ាន។ 

សម្ដេចថា៖ «នេះជាគោលការណ៍៣ ដែលយើងសម្រេចថាគាំទ្រ ឬមិនគាំទ្រនៅក្នុងក្របខណ្ឌនិងគំនិតផ្ដួចផ្ដើមទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក។ ខ្ញុំបានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនអំពីការគាំទ្ររបស់ខ្ញុំនូវគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ អាស៊ានក៏មានគំនិតផ្ដួចផ្ដើមស្ដីពីឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ឥឡូវកំពុងតែរៀបចំផែនការសកម្មភាព ដូច្នេះអាស៊ានមិនអាចដើរគាំទ្រអ្នកនេះ គាំទ្រអ្នកនោះ ដោយភ្លេចនូវអ្វីដែលជាគោលការណ៍របស់ខ្លួនបានដាក់ចេញនោះទេ។ វាស្របនឹងគោលជំហររបស់កម្ពុជា»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក