ព័ត៌មានលម្អិតករណីរដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ហើយមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ១៤នាក់
(កំពង់ចាម) : អ្នកផ្ទុកវីរុសកូវីដ-១៩ ឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ដោយវិទ្យាស្ថានសុខភាពសាធារណៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។
ភ្លាមៗរដ្ឋបាលខេត្តកំពង់ចាមបានចាត់ឱ្យមន្ទីរសុខាភិបាលខេត្តបញ្ចូនអ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ អ៊ុក សាឌី បន្ថែមទៀតនិងបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងបុរសរូបនេះ ឱ្យទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
គួរបញ្ជាក់ដែលថា បុរសឈ្មោះ អ៊ុក សាឌី មុនថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ធ្វើការនៅរោងចក្រ សានសឹង នៅកំបូល រាធានីភ្នំពេញ ហើយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដួលម៉ូតូ និងបានសំរាកការងារ។ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរ (មធ្យោបាយម៉ូតូ) ជាមួយមិត្តភ័ក រស់នៅភូមិឃុំជាមួយគ្នា ឈ្មោះ ហេង កុសល ភេទប្រុស (ជាកម្មករសំណង់ នៅបែកចាន រាជធានីភ្នំពេញ) ពីកំបូល រាជធានីភ្នំពេញ មកកាន់ស្រុកកងមាស ដោយឆ្លងកាត់តាម ស្ពានព្រែកតាមាក់ បន្តដំណើរតាមឆ្លងកាត់ស្រុកស្រីសន្ធរ និងឆ្លងដរភូមិថ្មី-មហាខូង មក ស្រុកកងមាស ក្នុងពេលធ្វើដំណើរមក បានប្រាប់កងកម្លាំងដែលប្រចាំការនៅតាម គោលដៅថា ផ្ទះខ្លួននៅជិតនេះ ទើបកម្លាំងប្រចាំការអនុញ្ញាតឱ្យបន្ដដំណើរមក និងបាន ចូលចាក់សាំងម៉ូតូ នៅតាមតូបលក់សាំងមួយកន្លែង នៅម្ដុំរការចាង ស្រុកមុខកំពូល។
នៅម៉ោង៥ល្ងាចថ្ងៃដដែល បានមកដល់ផ្ទះនៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស នៅ ដល់ម៉ោង៦យប់ មានរៀបចំកម្មវិធីជួបជុំអាហារពេលល្ងាចនៅផ្ទះខ្លួនដែរមានអ្នកចូលរួម ចំនួន០៤នាក់ រហូតដល់ម៉ោង៨យប់ បាននាំគ្នាបន្តកម្មវិធីជួបជុំទទួលទានគ្រឿងស្រវឹងនៅផ្ទះឈ្មោះ ប៉ាវ មីរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ដែរម្ចាស់ផ្ទះមិន នៅ មានសមាជិកគ្រួសារ ០២នាក់សរុបរួមមាន ចំនួន០៦នាក់ ហូបគ្រឿងស្រវឹងរួមគ្នា។ ថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០២១ គាត់ស្នាក់នៅជាមួយបង ដែលមានសមាជិក គ្រួសារចំនួន ០៤នាក់។
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ អ៊ុក សាឌី ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថាន សុខភាពសាធារណៈរាជធានីភ្នំពេញ។
អ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ អ៊ុក សាឌី រួមមានប៉ះពាល់ដោយផ្ទាល់៖ ចំនួន ១៤នាក់ ក្នុងនោះក្រុមគ្រួសារអ្នកជំងឺចំនួន ០៦នាក់ និងមិត្តភ័ក្ត្រដែលបានចូលរួមជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាមានចំនួន ០៧នាក់ និងអ្នករួមដំណើរជាមួយមកពីរាជធានីភ្នំពេញ ០១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវបន្ថែមទៀត៕