កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលដល់សិស្សស្ដីពីបេតិកភណ្ឌខ្មែរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលមួយដល់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់បឋមសិក្សាអំពីបេតិកភណ្ឌខ្មែរ ដើម្បីបណ្ដុះគំនិតពួកគេឲ្យស្រឡាញ់និងការពារបេតិកភណ្ឌជាតិ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ-១៩។

អនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរានិងជាបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។

លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឲ្យសិស្សានុសិស្សបានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ តម្លៃមរតកវប្បធម៌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគេចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ចនៃការការពារ អភិរក្ស និងការងារគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរានិងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។

លោកបានឲ្យដឹងថា មេរៀនសំខាន់ៗ ដែលត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះមានដូចជា ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លីនិងការការពារទេសភាពវប្បធម៌ ព្រមទាំងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់ចំនួន៣ មានសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងបានបន្តមកដល់សង្កាត់ក្របីរៀល។

វគ្គបណ្តុះបណ្តាលនេះ មានចំនួន៣កម្រិត កម្រិតទី១ ធ្វើឡើងសម្រាប់សិស្សនៅថ្នាក់បឋមសិក្សា កម្រិតទី២ សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងកម្រិតទី៣ សម្រាប់សិស្សថ្នាក់វិទ្យាល័យ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានរយៈពេល៦ខែ។

នាយកសាលាបឋមសិក្សាក្របីរៀល លោក ផយ សារូ បានបង្ហាញការគាំទ្រ ចំពោះវគ្គបណ្តុះបណ្តាលស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងសាលារៀលរបស់លោក ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាបជាអតីតរាជធានីពីបុរាណមានប្រាង្គប្រាសាទនិងបុរាណវត្ថុជាច្រើនដែលត្រូវថែរក្សានិងការពារ។

ចាប់តាំងពីឆ្នាំ២០០៧ ក្រៅពីនៅខេត្តសៀមរាប ក៏មានវគ្គបណ្តុះបណ្តាលមួយចំនួន ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីការថែរក្សាបេតិកភណ្ឌផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក