វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការផ្សព្វផ្សាយការពិតពីកម្ពុជាទៅកាន់ពិភពលោកឱ្យបានច្រើន ជាជាងពិនិត្យតែលើប្រព័ន្ធផ្សព្វផ្សាយប្រឆាំងហើយវាយតម្លៃលើប្រទេសកម្ពុជាទាំងមូល។ សម្ដេចជំរុញដល់ឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា។
ក្នុងពេលទទួលជួបនិងពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចក៏បានជំរុញឱ្យ «ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា»។
សម្តេចតេជោ ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
សម្តេចថា៖ «កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាកពីសភាពពិតនៅកម្ពុជា»។
ក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់អាមេរិក (PR Firm-Qorvis Communication) បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្ន មានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍ ហើយវាជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។
តំណាងក្រុមហ៊ុនលោក មីសែល ភីទ្រុសហ្សិលឡូ បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ ភាពរីកចម្រើននេះ ក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ ហើយកម្ពុជាគួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត នូវការរីកចម្រើនរបស់កម្ពុជា។
លោកថាដើម្បីឆ្លើយជាការឆ្លើយតបទៅកាន់ពិភពលោកពីភាពពិតរបស់កម្ពុជា លោកចង់ឃើញកម្ពុជាបង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។
ជាការឆ្លើយតប សម្តេចតេជោ បានទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមន្ត្រីអ្នកនាំពាក្យ និងបញ្ជាក់ថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា ហើយកម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ៕