វ៉ាស៊ីនតោន៖ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជំរុញដល់កម្ពុជាស្វែងរកការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងបានសម្ដែងនូវការព្រួយបារម្ភលើបញ្ហាសេរីភាពជាមូលដ្ឋានក្នុងប្រទេសកម្ពុជា រួមទាំងការកាត់ទោសលោក កឹម សុខា និងការកសាងមូលដ្ឋានជើងទឹករាមរបស់កម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានចុះផ្សាយថា ក្នុងជំនួបរវាងលោក Wendy Sherman ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃនេះ ភាគីទាំងពីបានពិភាក្សាលើការគាំទ្ររបស់អាមេរិកសម្រាប់ឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកស្រីបានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រក្នុងការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ហើយបានសន្យាកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈអាស៊ានលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងកិច្ចពិភាក្សានោះ លោកស្រីបានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាបេសកជនពិសេសអាស៊ានប្រចាំប្រទេសភូមា ស្វែងរកការអនុវត្តន៍ឱ្យបានឆាប់រហ័ស និងពេញលេញនៃមតិឯកភាពប្រាំចំណុចអាស៊ាន រួមទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីសេរីភាពជាមូលដ្ឋានក្នុងប្រទេសកម្ពុជា រួមទាំងការកាត់ទោសលោក កឹម សុខា និងការរឹតបន្តឹងលើមេដឹកនាំសង្គមស៊ីវិលមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។
លោកស្រីក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីវត្តមានយោធារបស់ចិនប្រជាមានិត និងការសាងសង់កន្លែងនៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាផលប៉ះពាល់របស់វាទៅលើសន្តិសុខក្នុងតំបន់ផងដែរ។
អាមេរិកមិនបានឱ្យដឹងពីការឆ្លើយតបរបស់កម្ពុជាលើការលើកឡើងរបស់លោកស្រី Wendy Sherman ទាំងនេះនោះទេ ទោះជាយ៉ាងណាក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅពាក់កណ្ដាលអាធ្រាតឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី Wendy Sherman លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាតាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថារដ្ឋធម្មនុញ្ញាកម្ពុជាគឺបានហាមឃាត់វត្តមានយោធាបរទេសក្នុងប្រទេសខ្លួន ខណៈលោកបញ្ជាក់ថាកម្ពុជាតែគោរពនិងឱ្យតម្លៃដល់លទ្ធិប្រជាធិបតេយ្យ។
សេចក្ដីប្រកាសព័ត៌មាននោះបានដកស្រង់ប្រសាសន៍របស់លោក ឧបនាយកដ្ឋមន្ត្រីថា៖ «លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង ២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថាសិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់សហរដ្ឋអាមេរិក និងកាណាដាជាង២ពាន់នាក់កាលពីរសៀលថ្ងៃទី១១ ខែឧសភា នៅរដ្ឋធានាវ៉ាស៊ីនតោន សម្ដេចបានលើកឡើងថាករណីរបស់លោក កឹម សុខា រាជរដ្ឋាភិបាលពុំមានសិទ្ធិក្នុងការជ្រៀតជ្រែកនោះទេ ខណៈរឿងបញ្ហាមូលដ្ឋានទ័ពសមុទ្ររាមគឺជាផែនការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានទ័ពសមុទ្រ និងសម្រួលដល់ការចូលចតរបស់នាវាល្បាតរបស់កម្ពុជា។ សម្ដេចថាកម្ពុជាគ្មានបំណងណាមួយទៅគំរាមកំហែងអ្នកដទៃទេ កម្ពុជាចង់តែបង្កើននូវសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយទ័ពដើម្បីបង្វែកលុយដែលសម្រាប់វិស័យទ័ពទៅកាន់វិស័យផ្សេងវិញ។
សម្ដេចតេជោ ថារឿងទាំងនេះរដ្ឋាភិបាលកម្ពុជាបានបកស្រាយជារាងរហូតហើយ តែភាគីអាមេរិកនៅតែយកបញ្ហានេះបង្កជារឿងយល់ច្រលំដដែលជាដដែល។
សម្ដេចថា៖ «ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើជាមិត្តជាមួយអាមេរិកអីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវវាគួរតែពិបាក នេះគ្រាន់តែចង់ធ្វើជាមិត្តសោះក៏ពិបាកម្លេះ?»។
បញ្ហារកាំរកូសរវាងកម្ពុជា និងអាមេរិក ដោយអាមេរិកតែងតែចោទកម្ពុជាថា កំពុងព្យាយាមផ្ដល់មូលដ្ឋានកងទ័ពជើងទឹករាមទៅឱ្យចិន និងបានបង្ហាញការមិនសប្បាយចិត្តចំពោះការវាយកម្ទេចអាគារជំនួយរបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹកនេះ។ ទោះបីកម្ពុជាព្យាយាមបកស្រាយយ៉ាងណាក្ដី។
ទាក់ទងនឹងបញ្ហានេះអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាថ្នាក់ឧត្តមសេនីយ៍ ២នាក់ គឺអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញប្រតិកម្ម។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy Sherman បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលជាដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ចូ បៃឌិន ដំបូងគេមកកម្ពុជា។ នៅពេលនោះលោកស្រីបានយកសំបុត្រមួយច្បាប់ពីប្រធានាធិបតី ចូ បៃឌិន ប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន។ ក្នុងពេលជួបពិភាក្សាជាមួយសម្ដេចតេជោនាពេលនោះភាគីកម្ពុជាពិពណ៌នាថា “ជាការនិយាយដោយស្មោះត្រង់” ឯក្រសួងការបរទេសសហរដ្ឋអាមេរិកថាជា “ភាពស្មោះត្រង់”។ បញ្ហាទ្វេភាគីសំខាន់ៗមួយចំនួនត្រូវបានពិភាក្សាពីសិទ្ធិមនុស្សរហូតដល់ការវិនិយោគ និងបំណុលសម័យសង្គ្រាមដ៏ធំដែលប្រទេសកម្ពុជាជំពាក់សហរដ្ឋអាមេរិក ប្រមាណ ៧០០លានដុល្លារអាមេរិក ដែលហាក់ដូចជាមានភាពវិជ្ជមានក្នុងការចរចា៕