វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជា និងវៀតណាម ឯកភាពគ្នានឹងបើកព្រំដែនទាំងផ្លូវគោក និងអាកាស រវាងប្រទេសទាំងពីរឡើងវិញពេញលេញ ក្រោយមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំឱ្យវៀតណាមបើកទេសចរណ៍ឡើងវិញ ជាពិសេសនៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម ជាមួយនឹងប្រទេសកម្ពុជា នឹងជំរុញឱ្យអ្នកទេសចរណ៍កម្ពុជាទៅលេងវៀតណាម ហើយពលរដ្ឋវៀតណាមអាចមកទស្សនាកម្ពុជា នៅខេត្តសៀមរាប ព្រះសីហនុ និងបូកគោ។
ជាការឆ្លើយតប លោក ផាម មិញជីញ បានលើកឡើងថា វៀតណាមនឹងជំរុញដល់ការចាក់វ៉ាក់សាំងប្រជាពលរដ្ឋរបស់ខ្លួន ខណៈពេលនេះចាក់ដូសទី២ បានប្រមាណ ៩៧ភាគរយហើយ និង ៦០ភាគរយបានចាក់ដូសជំរុញ ដូច្នេះនឹងជំរុញការបើកឡើងវិញ ទាំងផ្លូវគោក និងយន្តហោះ ដែលនេះនឹងរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវេលា កូវីដ-១៩ នេះ។
ជាមួយគ្នានេះសម្តេចតេជោក៏បានឡើងថានៅក្នុងកិច្ចពិភាក្សាជាមួយវៀតណាមពិតជាមានសារៈសំខាន់ណាស់ទាក់ទងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការបោះបង្គោលព្រំដែន។ សម្តេចថា រយៈពេល ៤ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៤ ២០០លានដុល្លារអាមេរិក ហើយសង្ឃឹមឆ្នាំនេះនិងកើនដល់ ១០ ០០០ លានដុល្លារអាមេរិក ។
ក្រៅពីនេះភាគីទាំងពីរក៏បានលើកឡើងពាក់ព័ន្ធនឹងបញ្ហារព្រំដែនដោយ ភាគីទាំងពីរនឹងជំរុញឱ្យបញ្ចប់ ៦% ដែលកំពុងពិភាក្សាខណៈកន្លងមកសម្រេចបាន ៨៤% ហើយនៅសល់ ១០% ដែលយើងនឹងបន្តធ្វើការរួមគ្នា។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៩ មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍វៀតណាមចំនួន ៩០៨,៨០៣ នាក់ ក្នុងចំណោមភ្ញៀរទេសចរណ៍អន្តរជាតិ ៦,៦១ លាននាក់៕