សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អ្នកជំនាញចិត្តវិទ្យាព្រួយបារម្ភពីចំនួនអ្នកស្លាប់ដោយធ្វើអត្តឃាតនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ទិន្នន័យមួយរបស់អគ្គស្នងការនគរបាលជាតិបានបង្ហាញពីចំនួនអ្នកស្លាប់ជាង ២០០នាក់ ត្រឹមរយៈពេលបីខែក្នុងឆ្នាំ២០២២ ដែលកត្តានេះបានបង្កការព្រួយបារម្ភដល់អ្នកជំនាញចិត្តវិទ្យាអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ប្រជាជន។

យោងតាមទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានករណីអត្តឃាតបានកើតឡើងចំនួន ២៤៧ករណី ដែលបណ្ដាលឲ្យមានមនុស្ស ២៤២នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀតរងរបួស។

សាស្ត្រាចារ្យចិត្តវិទ្យា លោក តែ ប៊ុនប៉ោ ប្រាប់មកកាន់សារព័ត៌មាន EAC News ថា លោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ខណៈចំនួននៃស្លាប់ដោយធ្វើអត្តឃាតកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានឲ្យដឹងថា ប្រជាជនខ្មែរភាគច្រើនមិនសូវមានការយកចិត្តទុកដាក់ជាមួយសុខភាពផ្លូវចិត្តរបស់ពួកគេនោះទេ ស្របពេលដែលស្ថានភាពប្រែប្រួលក្នុងសង្គមបានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន ជាពិសេសយុវជនជួបប្រទះនឹងបញ្ហាផ្លូវចិត្ត ខណៈមិនមានអ្នកនៅក្បែរ លើកទឹកចិត្តនិងពិគ្រោះយោបល់ជាមួយពួកគេ។

លោកបន្តថា៖ «ឃើញថាវាគួរឲ្យបារម្ភ! វាកើនឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល ពីមួយជំនាន់ទៅមួយជំនាន់ ដូចបច្ចុប្បន្នឥឡូវនេះការស្លាប់ដោយសារការធ្វើអត្តឃាតហ្នឹង វាច្រើនជាងមុន។ [...] គាត់ (ប្រជាជន) អត់ដែលបានយល់ទេថាសុខភាពផ្លូវចិត្តសំខាន់ប៉ុណ្ណា គាត់អត់សូវដឹងថាអាហ្នឹងវាប៉ះពាល់ដល់ជីវិតប៉ុណ្ណាទេ អញ្ចឹងនៅពេលដែលសមាជិកគ្រួសារគាត់មានបញ្ហាអីគាត់អត់អើពើឬគាត់អត់ដឹងថានឹងត្រូវធ្វើបែបណា»។

លោកបន្តទៀតថា ប្រជាជនខ្មែរភាគច្រើនជួបទៅនឹងបញ្ហាជីវភាពក្រីក្រ ជំពាក់បំណុលធនាគារ ស្ថានភាពហិង្សាក្នុងគ្រួសារ ស្ថានភាពសុខភាពផ្លូវកាយ ជំងឺរ៉ាំរ៉ៃ ឬការបាត់បង់អវៈយវៈដោយប្រការណាមួយ ជាពិសេសយុវជនច្រើនតែការខកចិត្តក្នុងរឿងស្នេហា និងគ្មានគោលដៅពិតប្រាកដនៅក្នុងជីវិត ដែលបណ្ដាលឲ្យពួកគេធ្លាក់ទៅក្នុងស្ថានភាពនៃជំងឺបាក់ទឹកចិត្ត និងសម្រេចចិត្តធ្វើអត្តឃាត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកលើកឡើងថាវាមានការពិបាកនៅក្នុងការកាត់បន្ថយ ឬធ្វើឲ្យមានភាពប្រសើរឡើងវិញ។ ប៉ុន្តែទោះយ៉ាងណា លោកបន្តថារដ្ឋាភិបាលក៏ដូចជាអង្គការពាក់ព័ន្ធមួយចំនួន គួរផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិត្តឲ្យបានផុសផុលតាមដែលអាចធ្វើទៅបាន ព្រមទាំងត្រូវមានការរៀបចំសេវាពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្ត និងត្រូវមានទីតាំងមួយច្បាស់លាស់។

ជាមួយគ្នានេះ នៅតាមបណ្ដាគ្រឹះស្ថានសិក្សាគួរបណ្ដុះគំនិតឲ្យកុមារនិងយុវជនមានក្ដីស្រម៉ៃ គោលដៅ និងចេះរៀបចំផែនការនៅក្នុងជីវិត ចៀសវាងឲ្យបណ្ដែតបណ្ដោយពេលវេលាឥតប្រយោជន៍។

លោកបន្ថែមថា៖ «ទាក់ទងនឹងការអប់រំក្នុងសាលា មានន័យថា លោកគ្រូ អ្នកគ្រូ ត្រូវពន្យល់ និងមានចំណេះដឹងពីបញ្ហាសុខភាពផ្លូវចិត្តដើម្បីបង្រៀនក្មេងៗទូទាំងប្រទេសឲ្យយល់ពីដំណើរការហ្នឹង ឲ្យដឹងពីសញ្ញាណគ្រោះថ្នាក់ នៃអ្នកដែលមានវិបត្តិផ្លូវចិត្តដែលគ្រោងនឹងធ្វើអត្តឃាត»។

អ្នកជំនាញចិត្តវិទ្យានៅអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) លោក ស៊ាង លាប ប្រាប់មកកាន់ EAC ថា លោកក៏មានការព្រួយបារម្ភជាមួយនឹងការកើនឡើងនូវចំនួនអ្នកធ្វើអត្តឃាតនៅកម្ពុជាដែរ ខណៈលោកមើលឃើញថាប្រជាពលរដ្ឋហាក់មិនមានការខ្វល់ខ្វាយជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ។ លោកបន្តទៀតថា ប្រជាពលរដ្ឋច្រើនតែមករកសេវាប្រឹក្សាសុខភាពផ្លូវចិត្តនៅពេលដែលពួកគេជួបប្រទះនឹងបញ្ហាទាំងនោះក្នុងស្ថានភាពធ្ងន់ធ្ងរទៅហើយ។

លោកនិយាយថា៖ «បើគាត់ខ្វល់ខ្វាយគាត់នឹងចាប់ផ្ដើមគិតពីផ្លូវចិត្ត គាត់នឹងថែទាំសុខភាពផ្លូវចិត្តរបស់គាត់ ប៉ុន្តែជាក់ស្ដែងអត់ផងហ្នឹង មនុស្សបើកភ្នែកឡើងគិតតែពីរឿងលុយ គិតរឿងមុខរបរ គិតរឿងការងារជីវភាពរបស់ពួកគាត់ធ្វើម៉េចឲ្យបានលុយច្រើន។ គាត់ (ប្រជាពលរដ្ឋ) មិនសូវខ្វល់ខ្វាយទេទាល់តែធ្លាក់ខ្លួនឈឺហើយបានចាប់ផ្ដើមគិត»។

ទន្ទឹមគ្នានេះ លោកសម្លឹងមើលឃើញថាក្នុងពេលបច្ចុប្បន្នក្រុមយុវវ័យ និងស្ត្រីដែលមានគ្រួសាររួច មានហានិភ័យធ្លាក់ទៅក្នុងជំងឺបាក់ទឹកចិត្តខ្លាំងជាងគេ ដោយហេតុថាពួកគេមិនទទួលបានក្ដីស្រឡាញ់ ការមើលថែ យកចិត្តទុកដាក់ពីឪពុកម្ដាយ និងស្វាមី។ ជាពិសេសនៅក្នុងគ្រួសារដែលមានអំពើហិង្សា លោកបានឲ្យដឹងថាមានកុមារនិងយុវវ័យ ៧០ភាគរយមានជំងឺបាក់ទឹកចិត្ត។

លោកបន្តថា អ្នកដែលមានជំងឺបាក់ទឹកចិត្តភាគច្រើនមានគំនិតចង់ធ្វើអត្តឃាតខ្លួនឯង ខណៈពួកគេភាគច្រើនមិនបានទៅប្រឹក្សាយោបល់ជាមួយអ្នកចិត្តសាស្ត្រ ឬស្វែងរកការព្យាបាលណាមួយនោះឡើយ។ លោកបន្ថែមថា បញ្ហាទាំងអស់នេះត្រូវការដំណោះស្រាយឲ្យបានឆាប់រហ័សដើម្បីបញ្ជៀសនូវការស្លាប់បាត់បង់ជីវិតដោយសារការធ្វើអត្តឃាត។

តាមរយៈទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដដែលនោះបានឲ្យដឹងថា ក្នុងចំណោមអត្តឃាតទាំង ២៤៧លើក រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី១ ដែលមានករណីធ្វើអត្តឃាតចំនួន ៣១លើក បណ្ដាលឱ្យមនុស្ស ៣០នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈខេត្តបន្ទាយមានជ័យ ជាប់ចំណាត់ថ្នាក់ទី២ ដែលមានមនុស្ស ២៩នាក់ស្លាប់ដោយករណីធ្វើអត្តឃាត។ បន្ទាប់មកគឺខេត្តកំពង់ចាមជាប់ក្នុងលំដាប់លេខរៀងទី៣ ដែលមានមនុស្ស ២៥នាក់ស្លាប់ដោយការធ្វើអត្តឃាត និងខេត្តបាត់ដំបងជាប់លេខរៀងទី៤ ដែលមានមនុស្សស្លាប់ ១៨ នាក់ និង៣នាក់ទៀតរងរបួស។

គួរឲ្យដឹងថា ករណីធ្វើអត្តឃាតដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១១ មាន ៥១៣ ក្នុងឆ្នាំ២០១៣ មាន៦០៩ករណី និងក្នុងឆ្នាំ២០១៥ មាន ៧៤៩ករណី។

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយនៅឆ្នាំ ២០១៧ អត្រាមរណភាពដោយអត្តឃាតនៅកម្ពុជាបានឈានដល់ ១ ៨៥៧ករណី ឬស្មើនឹង ២,២០ ភាគរយនៃការស្លាប់សរុបនៅក្នុងប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក