ភ្នំពេញ៖ សមាជិកសភាវ័យក្មេងនៃគណបក្សប្រជាជន និងជាកូនរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រកាសមិនអាចទទួលយកបាននូវការប្រមាថមកលើនាយករដ្ឋមន្ត្រី ពីក្រុមប្រឆាំងនៅអាមេរិក ដែលថា «ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះថា៖ «ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»។
ប្រតិកម្មរបស់លោក ហ៊ុន ម៉ានី គឺបន្ទាប់ពីសមាជិកក្រុមប្រឆាំងនៅអាមេរិកម្នាក់បានយកស្បែកជើងគប់បំណងសំដៅមកលើសម្ដេចតេជោ ដែលខុសកាលពីរសៀលម៉ោងប្រមាណ៤រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅមុខសណ្ឋាគារ សម្ដេចតេជោ ហ៊ុន សែន បានកាន់មេក្រូប្រកាសប្រាប់ពលរដ្ឋខ្មែរដែលមកគាំទ្រឱ្យរក្សាការអត់ធ្មត់កុំធ្វើការតបតនឹងការញុះញង់របស់ក្រុមប្រឆាំងដើម្បីរក្សា «សេចក្ដីថ្លៃថ្នូរ»។
សម្ដេចតេជោបានប្រកាសថា៖ «ខ្ញុំសុំផ្ដាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការអត់ធ្មត់ចំពោះមុខការញុះញង់ការបង្កហេតុពីជនដែលមិនចូលចិត្តជាមួយខ្ញុំតែមកបំផ្លាញទឹកចិត្តបងប្អូននៅទីនេះ។ បើទោះបីជាគេញុះញង់ក៏ដោយយើងកុំធ្វើសកម្មភាពណាមួយតបតជាមួយគេ យើងត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាអ្នកគាំទ្រព្រះរាជាណាចក្រកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ឬរហូតដល់គាំទ្រគណបក្សប្រជាជនកម្ពុជា។ យើងមកទីនេះគឺដើម្បីគាំទ្រខ្ញុំ គាំទ្ររាជរដ្ឋាភិបាលតែប៉ុណ្ណោះ យើងមិនតបតយើងមិនសំដៅប្រឆាំងជាមួយនឹងអ្នកណាដែលគេមិនចូលចិត្តយើងទេ! យើងមិនតបតជាមួយអ្នកបង្កហេតុទាំងនោះទេ។ សូមប្រាប់បងប្អូនដើម្បីជៀសវាងដល់ការឆ្លើយតបណាមួយដោយហិង្សា ហើយខុសនឹងច្បាប់នៅអាមេរិក»៕