ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចង់ធ្វើជាមិត្តល្អរបស់អាមេរិក

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានដើរដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម។ សម្ដេចជឿថាបញ្ហាមួយចំនួនដែលកម្ពុជា-អាមេរិក បានយល់ច្រលំនឹងគ្នានឹងអាចធ្វើការស្រម្រុះសម្រួលជាមួយគ្នាតទៅទៀត។

ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោននៅចំពោះមុខពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដាជាង ២០០០នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមានការឡើងចុះ តែទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មដែលធំបំផុតរបស់កម្ពុជាដែលមានតម្លៃជាង ៩ពាន់លាន់ដុល្លារ។

សម្ដេចថាកម្ពុជាចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោករួមទាំងអាមេរិកផងដែរ។ សម្ដេចតេជោ បន្ថែមថា មានចំណុចខ្លះដែលជាការយល់ច្រលំពីអាមេរិកចំពោះកម្ពុជាគឺការសង្ស័យពីការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅដែនសមុទ្ររាម ដែលសម្ដេចតេជោបញ្ជាក់ជាថ្មីការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនេះគឺដើម្បីអភិវឌ្ឍន៍មូលដ្ឋានទ័ពសមុទ្រ និងសម្រួលដល់ការចូលចតរបស់នាវាល្បាតរបស់កម្ពុជា។ សម្ដេចថាកម្ពុជាគ្មានបំណងណាមួយទៅគំរាមកំហែងអ្នកដទៃទេ កម្ពុជាចង់តែបង្កើននូវសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយទ័ពដើម្បីបង្វែកលុយដែលសម្រាប់វិស័យទ័ពទៅកាន់វិស័យផ្សេងវិញ។

សម្ដេចតេជោបញ្ជាក់ថា៖ «គំនិតនេះមានតាំងពីឆ្នាំ១៩៨៦ ដែលខ្ញុំបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ ខ្ញុំដើរតាមមាត់សមុទ្រពីកោះកុង មកកំពង់សោម មកកំពត ពេលនោះកែបមិនទាន់បង្កើតទេ។ ខ្ញុំមើលឃើញសព្វថ្ងៃពលរដ្ឋកម្ពុជាយើងត្រូវពឹងពាក់ទៅលើថៃ ថៃគេយកប្រាក់ គេមានកន្លែងជួសជុល គេអួរទូក អញ្ចឹងយើងគួរធ្វើកន្លែងហ្នឹង ឯនាវាល្បាតរបស់យើងត្រូវបញ្ជូនទៅវៀតណាមដើម្បីជួសជុល។ អញ្ចឹងឥឡូវនេះយើងធ្វើអាហ្នឹង ឥឡូវហ្នឹងទីតាំងបញ្ជាការកងទ័ពជើងទឹកត្រូវយកទៅផ្ញើនៅកន្លែងណាផ្សេងសិន ហើយកន្លែងលំហសមុទ្រត្រូវកសាងនៅកោះមួយថ្មីជំនួសឱ្យទីតាំងចាស់ ហើយយកទីតាំងចាស់ក្នុងការជួសជុលនាវា ហើយប្រទេសណាក៏ដោយចង់ចូលគឺកម្ពុជាអនុញ្ញាតទាំងអស់»។

សម្ដេចតេជោថារឿងមួយដែលជាការយល់ច្រលំរបស់អាមេរិកលើកម្ពុជារហូតមកដល់បច្ចុប្បន្នគឺទាក់ទងនឹងការធ្វើសមយុទ្ធក្នុងឆ្នាំ២០១៧ ដែលកម្ពុជាបានផ្អាកការធ្វើសមយុទ្ធទាំងអស់ដែលបានកើតជារឿងមួយដល់បច្ចុប្បន្នដែលមិនទាន់ដោះស្រាយ។

សម្ដេចតេជោថា៖ «ឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតកាលហ្នឹង បោះឆ្នោតឃុំសង្កាត់ ខ្ញុំបានប្រាប់សម្ដេចពិជ័យសេនា ទៀ បាញ់ ថាឆ្នាំបោះឆ្នោតមិនគួរមានសមយុទ្ធកើតឡើងទេ។ អញ្ចឹងយើងផ្អាកសមយុទ្ធទាំងអស់ បែរជាមានការភ័ន្តច្រលំមួយថាកម្ពុជាផ្អាកសមយុទ្ធជាមួយអាមេរិក បែរជាទៅធ្វើជាមួយចិន វាកើតទៅជារឿងមួយដល់សព្វថ្ងៃមិនទាន់ដោះស្រាយ។ ខ្ញុំក៏មិនយល់ដែរ ដល់ពិបាកពេលខ្ញុំថាឈឺក្បាល។ ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើជាមិត្តជាមួយអាមេរិកអីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវវាគួរតែពិបាក នេះគ្រាន់តែចង់ធ្វើជាមិត្តសោះក៏ពិបាកម្លេះ?»

ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើមមក ក្នុងពេលដែលកម្ពុជានិងប្រទេសចិនកាន់តែកៀកទំនាក់ទំនងកម្ពុជា-អាមេរិកហាក់ឃើញថាមានភាពរកាំរកូសនឹងគ្នាផងដែរ។

សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College លោក អៀ សុផល មិនជឿថាការទំនាក់ទំនងកម្ពុជាអាមេរិកអាចធ្វើឱ្យប្រសើរឡើងនោះទេដោយសារទំនាក់ទំនងកម្ពុជាដែលកំពុងរីកចំរើនទៅកាន់ចិន។ ហើយទំនាក់ទំនាក់កម្ពុជា-អាមេរិកនឹងអាចបែកបាក់ថែមទៀតផងប្រសិនជាកម្ពុជាត្រូវបានគ្រប់ដណ្ដប់ដោយប្រទេសចិន។

លោកសរសេរតាមសារអេឡិចត្រូនិចឆ្លើយទៅនឹងសំណួរ EAC News ថា៖ «ដូចដែលលោក Jonathan Turley ប្រធានផ្នែកនយោបាយ/សេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបាននិយាយក្នុងឱកាសបុណ្យចូលឆ្នាំចិននៅថ្ងៃទី១ ខែកុម្ភៈ ថាសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រ។ ដូច្នេះយើងមានការព្រួយបារម្ភ នៅពេលដែលយើងឃើញអធិបតេយ្យភាពកម្ពុជាត្រូវបានបំផ្លាញ នៅពេលដែលយើងឃើញវត្តមានយោធាបរទេសកើនឡើង ហើយនៅពេលដែលក្រុមហ៊ុនបរទេសចូលរួមចំណែក ឬពាក់ព័ន្ធនឹងអំពើពុករលួយរំលោភលើដីធ្លី កម្មករ និងបទប្បញ្ញត្តិបរិស្ថាន»។

លោកថា៖ «យើងទាំងអស់គ្នាដឹងហើយថា សហរដ្ឋអាមេរិកកាន់តែមានការខកចិត្តចំពោះទីក្រុងភ្នំពេញដែលកាន់តែរីកចម្រើនទៅជិតប្រទេសចិន។ ត្រូវតែមានការបំបែកបំបាក់ ព្រោះប្រសិនបើពួកគេចូលកៀក កម្ពុជានឹងត្រូវគ្របដណ្ដប់ដោយប្រទេសចិន»។

ទោះជាយ៉ាងណាសម្ដេចតេជោ បញ្ជាក់នៅថ្ងៃនេះដោយផ្ទាល់មាត់ថាក្នុងទំនាក់ទំនងអន្តរជាតិកម្ពុជានឹងធ្វើជាមិត្តគ្រប់ប្រទេសទាំងអស់ និងមិនលំអៀងទៅប្រទេសណាមួយនោះទេ។ កម្ពុជាត្រូវប្រកាន់អព្យាក្រឹត្យភាពអចិន្ត្រៃយ៍របស់ខ្លួនដែលមិនជ្រើសរើសយកប្រទេសណាមួយរួចទៅប្រឆាំងប្រទេសណាមួយទៀតនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក