ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ថា កឹម សុខា ឆ្លាតក្នុងការធ្វើនយោបាយ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយកោតសរសើរលោក កឹម សុខា ថាឆ្លាតក្នុងការធ្វើនយោបាយក្នុងពេលដែលលោកបានចូលរួមរំលែកទុក្ខសម្ដេចតេជោ ចំពោះមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតទី២ របស់សម្ដេច ខណៈដែលសម្តេចចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្សល្ងង់មិន មិនចេះធ្វើនយោបាយ បាត់ឱកាសចូលស្រុកវិញ។

ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង ២ពាន់នាក់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងពេលដែលបងប្រុសរបស់សម្ដេចទទួលមរណភាព ប្រសិនជាលោក សម រង្ស៊ី ផ្ញើលិខិតរំលែកទុក្ខជូនសម្ដេចស្នើនឹងរុញសម្ដេចឱ្យឆ្លើយតប ដែលនឹងជាសញ្ញាវិជ្ជមានដែលអាចឱ្យត្រលប់ចូលកម្ពុជាវិញបាន។

សម្ដេចថា៖ «សូមអរគុណដែលលោកឯងល្ងង់! ឱកាសនយោបាយអ្នកឯងមានប៉ុន្ដែដោយសារអ្នកឯងស្អប់ខ្ញុំ កីឡាករ កីឡាការិនីឈ្នះអ្នកឯងក៏មិនអបអរសាទរ ម្ដាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណទុក្ខ ខ្ញុំអរគុណអ្នកឯងណាស់! អញ្ចឹងលទ្ធផលទាំងអស់ល្មមនឹងអ្នកឯងទទួលទៅ! ខ្ញុំអត់នឹងស្មានថាអ្នកនយោបាយមួយចំនួនល្ងង់ដល់ប៉ុនហ្នឹងទេ។ អ្នកដែលឆ្លាតគឺ កឹម សុខា សរសើរវិញអ្នកដែលឆ្លាតគឺ កឹម សុខា»។

សម្ដចបន្ថែមថា បើទោះបីជាសម្ដេចនិងលោក កឹម សុខា មាននយោបាយខុសគ្នាក៏ប៉ុន្ដែសម្ដេចបានគោរពនូវទង្វើររបស់លោក កឹម សុខា ដែលបានចូលរួមចែករំលែកទុក្ខសម្ដេចក្នុងពេលដែលទទួលដំណឹងពីមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង។

សម្ដេចបន្ថែមថា៖ «បើទោះបីជាគាត់និងខ្ញុំមាននយោបាយខុសគ្នាក៏ដោយក៏ប៉ុន្ដែខ្ញុំគោរពដល់គាត់នូវអ្វីជាទង្វើរបស់គាត់។ គាត់សរសេរតាម Whatapp មកខ្ញុំៗឆ្លើយហើយគាត់សួរថាខ្ញុំអាចមកគោរពវិញ្ញាណក្ខន្តបានទេ? ខ្ញុំឆ្លើយទៅវិញថាអញ្ជើញ។ ដល់មកជក់មាត់និយាយជាមួយគ្នាដល់៤ម៉ោង»។

ជាមួយគ្នានេះសម្ដេចតេជោក៏បានបង្ហើបពីករណីលោក កឹម សុខា នៅតុលាការផងដែរ ខណៈដែលសម្ដេចថាប្រសិនជាសម្ដេចជាចៅក្រមប្រសិនជាមានការស្នើសុំពីលោក កឹម សុខា ចេញទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព ឬជួបគ្រួសារសម្ដេចនឹងអនុញ្ញាត។ តែទោះជាយ៉ាងណាសម្ដេចមិនលូកលាន់ដល់ការសម្រេចរបស់តុលាការទេ តែនេះគឺគ្រាន់តែជាគំនិតរបស់សម្ដេចប៉ុណ្ណោះ។

មនុស្សជំនិតលោក កឹម សុខា គឺលោក យឹម ស៊ីណន សង្ឃឹមថាការលើកឡើងរបស់សម្តេចពីទីក្រុងវ៉ាស៊ីនតោនពីករណីលោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធសពបងប្រុសសម្តេច គឺជាសញ្ញាល្អមួយដែលភាគីទាំងពីរឈានទៅដល់ការសម្របសម្រួលនយោបាយផ្តល់នូវនីតិសម្បទានយោបាយដល់លោក កឹម សុខា ឡើងវិញដើម្បីអាចមានសិទ្ធិជជែកបញ្ចប់បញ្ហាទាំងឡាយដែលបានកំពុងកើតឡើងនៅកម្ពុជា។

លោកសរសេរផ្ញើមកកាន់ EAC News ថា៖ «លើសពីការបង្ហាញភាពឆ្លាតវៃដែលសម្តេចបានលើកឡើង ខ្ញុំយល់ឃើញថា វាក៏ជាការបង្ហាញនូវការគោរពឲ្យតម្លៃទៅលើភាពចាស់ទុំនៃមេដឹកនាំកំពូលទាំងពីរតំណាងឲ្យបក្សក្នុង និងក្រៅរដ្ឋាភិបាលទៅ ដែលសុទ្ធសឹងជាអ្នកតំណាងឲ្យពលរដ្ឋម្ចាស់ប្រទេសទៅវិញទេ។ ក្រោយរូបថតនៃជំនួបត្រូវបានចុះផ្សាយ ខ្ញុំសង្កេតឃើញថាមានការចាប់អារម្មណ៍ និងបង្ហាញការសាទរអរសប្បាយរីករាយគាំទ្រនូវសកម្មភាពស្និទ្ធស្នាលនៃមេដឹកនាំទាំងពីរ ពីសំណាក់អ្នកគាំទ្រនៃមេដឹកនាំនីមួយៗ ដោយគ្រប់គ្នាមានក្តីរំពឹងលើការយល់យោគផ្សះផ្សាគ្នា ស្វែងរកការសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយដែលកំពុងធ្វើឲ្យកម្ពុជាខាតបង់ទាំងពេលវេលាកសាងជាតិ និងខូចខាតកិត្តិយសលើឆាអន្តរជាតិដោយសារជម្លោះនយោបាយផ្ទៃក្នុងជាតិ»។ 

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី បានប្រាប់ EAC News កាលពីម្សិលមិញថាលោកគាំទ្រឱ្យមានការសមានចិត្តរវាងអ្នកនយោបាយខ្មែរ ដោយគួរតែទុករឿងនយោបាយមួយឡែកដើម្បីបង្ហាញនូវទឹកចិត្ត និងការរំលែកទុក្ខក្នុងនាមជាខ្មែរដូចគ្នា។ លោកសង្កេតឃើញថា តាមទិដ្ឋភាពដែលឃើញពីមុនៗគឺសម្ដេចតេជោ តែងតែមានការឆ្លើយតបទៅវិញជានិច្ចនៅពេលដែលមានការចូលរួមរំលែកទុក្ខដល់សម្ដេចចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ។

លោកថា៖ «តែបើយើងមើលពីមុនៗមកនៅពេលមានការថ្លែងសាររំលែកទុក្ខគឺស្ទើតែគ្រប់រឿងគឺត្រូវមានការឆ្លើយតបវិញពីសំណាក់សម្ដេចនាយកដែរបើយើងមើល ហាក់ដូចជាមិនដែលរំលងទេឱ្យតែពេលមានផ្ញើសាររំលែកទុក្ខ។ យ៉ាងហោចក៏គាត់ផ្ញើសារជាលក្ខណៈឯកជនថ្លែងអំណរគុណទៅវិញដែរ»។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសសម្ដេចតេជោ បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ ក្រោយទទួលដំណឹងនេះ ប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា បានផ្ញើសារចូលរួមរំលែកទុក្ខជូនសម្តេចតេជោ ហ៊ុន សែន និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធសម្ដេច ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

ក្រោយទទួលបានសាររំលែកទុក្ខពីលោក កឹម សុខា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារឆ្លើយតបទៅលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ និងបានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខផងដែរ។ ជាងនេះទៅទៀតសម្ដេចតេជោ ក៏ទទួលអនុញ្ញាត និងជួបលោក កឹម សុខា ដោយផ្ទាល់នៅផ្ទះបុណ្យរបស់សម្ដេចទេពញាណទៀតផង។

រម្លឹកទៅកាន់ឆ្នាំ២០១៣ ក្នុងពេលដែលឪពុកបង្កើតរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្ម លោក សម រង្ស៊ី ដែលពេលនោះកំពុងធ្វើនិរទេសខ្លួនឯងនៅក្រៅប្រទេសបានផ្ញើសាររំលែកទុក្ខជូនចំពោះសម្ដេចតេជោ ហ៊ុន សែន។ ក្រោយពីទទួលបានលិខិតចូលរួមរំលែកទុក្ខប៉ុន្មានថ្ងសក្រោយមកសម្ដេចតេជោបានទូលស្នើសុំដល់ព្រះមហាក្សត្រឱ្យលើកលែងទោសដល់លោក សម រង្ស៊ី។

ព្រះមហាក្សត្រក្រោយទ្រង់ឆ្វេងយល់ពីការស្នើសុំរបស់សម្ដេចតេជោ ព្រះអង្គបានរាជានុញ្ញាតលើកលែងទោសដល់លោក សម រង្ស៊ី ដែលបានបើកផ្លូវឱ្យលោកត្រលប់ចូលស្រុកវិញបន្ទាប់ពីនិរទេសខ្លួនឯងគេចពីការចាប់ខ្លួនអស់ជាង៤ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក