វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នព្រំដែនគោកកម្ពុជាវៀតណាមត្រូវបានគណៈកម្មការព្រំដែននៃប្រទេសទាំងពីរសម្រេចបោះបង្គោលព្រំដែនបាន ៩០%ហើយ និងបន្តការចរចារបន្តទៀតដើម្បីឱ្យសម្រេចបាន ១០០%។ ត្រង់ចំណុចនេះសម្ដេចបញ្ជាក់ថា «ប្រសិនជារដ្ឋាភិបាលកម្ពុជាឱ្យដីទៅវៀតណាម តើចាំបាច់អ្វីដែលកម្ពុជានៅតែបន្តការចរចារមិនឈប់ឈររឿងព្រំដែនជាមួយវៀតណាម?»
ថ្លែងនៅចំពោះមុខពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា ជាង២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនពេលមកជួបជាមួយពលរដ្ឋ សម្ដេចតេជោបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាំ មិញជិញ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងនោះសម្ដេចនិងលោកនាយករដ្ឋមន្ត្រីវៀតណាមបានពិភាក្សាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែលថាបានសម្រេច ៦%ទៀតនៅឆ្នាំ២០២២នេះ នឹងគ្រោងចុះហត្ថលេខាក្នុងឆ្នាំ២០២២នេះ។ សម្ដេចបញ្ជាក់ថាដើម្បីសម្រេចបាន ៦%បន្ថែមនេះកម្ពុជាវៀតណាមបានធ្វើការចរចារប្រមាណ៣ឆ្នាំទើបសម្រេចបាន។
សម្ដេចតេជោថ្លែងថា៖ «៦%បន្ថែមទៀតបូកទៅវាបាន៩០%! អញ្ចឹងក្នុងចំណុចនេះខ្ញុំសុំនិយាយបន្ដិចថា បើគង់តែឱ្យដីគេដដែលចាំបាច់ចរចារយូរឆ្នាំធ្វើអី? និយាយឱ្យច្បាស់នៅកន្លែងហ្នឹង! ចាំបាច់ទៅចុះហត្ថលេខាម្ដងបាន៨៤% ហើយឥឡូវសម្រេចបាន ៦%ទៀតហើយសម្រេចថានឹងចុះហត្ថលេខានៅឆ្នាំ២០២២ ដែលយើងត្រូវពិនិត្យបានហ្មត់ចត់ដែលត្រូវបោះបង្គោលឱ្យត្រឹមត្រូវ ហើយបង្គោលនិមួយៗសុទ្ធតែត្រូវចាប់តាមផ្កាយរណប។ អញ្ចឹងចេះតែថា ហ៊ុន សែន លក់ដីៗ ឥឡូវដីនៅកន្លែងណាដែល ហ៊ុន សែន លក់។ បើគង់តែឱ្យដីគេដដែលយើងចាំបាច់ទៅចរចាមួយតឹកមួយផឹងៗធ្វើអី?»
សមាជិកក្រុមប្រឹក្សាឃ្លាំងមើលកម្ពុជាលោក រ៉ុង ឈុន ទទួលស្គាល់ថារដ្ឋាភិបាលកម្ពុជាពិតជាខំប្រឹងក្នុងការចរចារព្រំដែនជាមួយវៀតណាមតែលោកថាការចរចារទាំងនោះកម្ពុជាហាក់ចាញ់ប្រៀបវៀតណាមក្នុងការចរចារ ដែលធ្វើឱ្យបារម្ភពីបាត់បង់ទឹកដីទៅវៀតណាមដដែល។
លោកថា៖ «ការលើកឡើងរបស់គាត់វាមិនឆ្លើយនឹងការពិតជាក់ស្ដែង យើងឃើញបង្គោលភាគច្រើនមានភាពមិនប្រក្រតីភាគច្រើននៃការបោះបានថែម៦%ទៀតដែលសរុបទៅ៩០%ហ្នឹងដែលយើងធ្វើការកត់សម្គាល់ទៅបង្គោលភាគច្រើនវាមានភាពមិនប្រក្រតី ហើយមិនឆ្លើយតបទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី។ បើយើងដើរតាមបង្គោលព្រំដែនហើយយើងសួរសាក្សីរស់ ព្រោះខ្ញុំមិនបាច់ចាក់ GPS អីទេប៉ុន្ដែខ្ញុំបានសាកសួរសាក្សីរស់គាត់បានបញ្ជាក់ពីការបោះបង្គោលព្រំដែនហើយធាតុពិតយើងឃើញមានបញ្ហាកើតឡើងជាច្រើន»។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានប្រាប់ EAC News ថាការចោទប្រកាន់ថាកម្ពុជាចាញ់ប្រៀបវៀតណាមក្នុងការបោះបង្គោលព្រំដែនគឺគ្រាន់តែចង់កេងចំណេញនយោបាយពីរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ដោយលោកថាគណៈកម្មការពុំមានការព្រួយបារម្ភចំពោះការលើកឡើងនេះឡើយ។ លោកបានបញ្ជាក់ថាការបោះព្រំដែនកម្ពុជា-វៀតណាមគឺជាកិច្ចខិតខំរួមគ្នារវាងប្រទេសទាំងពីរ ហើយមុននឹងបោះបង្គោលបានមួយគឺមានការសិក្សាបច្ចេកទេសព្រំដែន ផែនទីច្បាស់លាស់។
លោកថា៖ «យើងទៅអះអាងថាបោះបង្គោលចូលដីខ្មែរ។ ទៅបោះចូលដីខ្មែរយ៉ាងមិច? បើគណៈកម្មការធ្វើគឺទ្វេរភាគីមិនមែនតែវៀតណាមមកបោះតែឯងទេគឺសុទ្ធតែទ្វេភាគី។ យើងបោះ [ខ្លួនឯង] អត់បានមួយបង្គោលទេប្អូន ខ្ញុំសូមប្រាប់ថា ចង់បង្គោលធំ តូច បង្គោលតម្រុយអីក៏ដោយគឺសុទ្ធតែទ្វេរភាគី យើងកុំគិតថាយើងអនុញ្ញាតឱ្យបោះចូលក្នុងដីគេទៅតែឯងអីតែឯងបាន»។
កម្ពុជាមានព្រំដែនគោកជាមួយវៀតណាមមានប្រវែងប្រមាណ ១ ២៧០គីឡូម៉ែត្រដែលចាប់ផ្ដើមបោះជាមួយគ្នាតាំងពីឆ្នាំ២០០៦។
ទាក់ទងនឹកការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានចូលបំភ្លឺនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ដោយចំណាយពេលជាង៥ម៉ោងដើម្បីបកស្រាយពន្យល់ដោយបានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានបន្សល់មកតាំងពីសម័យអាណានិគមបារាំង ដែលពុំមានបង្គោលណាមួយត្រូវបានបោះនៅលើជាក់ស្ដែងនោះទេគឺជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ សម្ដេចបញ្ជាក់ថាកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីគឺជាភារកិច្ច និងកាតព្វកិច្ច សំខាន់ជាងគេ និងមុនគេបង្អស់របស់រាជរដ្ឋាភិបាល ហើយក៏ជាសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ។
សម្ដេចបញ្ជាក់ថា៖ «ការស្នេហាជាតិ និងទឹកដីនេះ គឺពុំមែនជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ឬគណបក្សនយោបាយណាមួយតែម្នាក់ឯងនោះទេ»៕