ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក កែប ជុតិមា បានក្លាយជាប្រធានគណៈកម្មការជំនាញទី៤នៃរដ្ឋសភា

ភ្នំពេញ៖ រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជាប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដោយទទួលបានសំឡេងពីសមាជិកដែលមានវត្តមានទាំងអស់ចំនួន ១០៦សំឡេង នៃសមាជិករដ្ឋសភាទាំងមូល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៃថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះបានបញ្ជក់ថា៖ «អង្គសភាបានបោះឆ្នោត លោក កែប ជុតិមា សមាជិកគណៈកម្មាការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសតំណែងសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព»។

ក្រោយបោះឆ្នោតជ្រើសតាំងលើជាសមាជិកគណៈកម្មការហើយ គណៈកម្មការជំនាញទី៤នៃរដ្ឋសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាក៏បានបោះឆ្នោតជ្រើសតាំងឱ្យលោក កែប ជុតិមា ជាប្រធានគណៈកម្មការផងដែរ។ 

ការបោះឆ្នោតជ្រើសតាំងលោក កែប ជុតិមា ជាប្រធានគណៈកម្មការនេះគឺដើម្បីជំនួសតំណែងប្រធានគណៈកម្មការជំនាញចាស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាពដោយគាំងបេះដូងកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ 

នាយកប្រតិបត្តិអង្គការ Necfic លោក សំ គន្ធាមី លើកឡើងកាលប្រាប់ EAC News កាលពីថ្ងៃទី១០ ខែឧសភាថា ពុំមានបញ្ហាអ្វីនោះទេក្នុងការជ្រើសតាំងសមាជិកសភាណាម្នាក់ជំនួសតំណែងអ្នកដែលបានមរណភាព ឬឈប់ពីតួនាទី តែលោកបានស្នើដល់អ្នកដែលកាន់តួនាទីថ្មីធ្វើយ៉ាងណាគិតគូរដល់សុខទុក្ខរាស្ត្រជាធំ ដោយចុះសាកសួរ និងពិនិត្យដល់មូលដ្ឋានដោយផ្ទាល់។ 

លោក កែប ជុតិមា អាយុ ៧២ឆ្នាំ ធ្លាប់ជាអភិបាលរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ បច្ចុប្បន្នជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា មណ្ឌលភ្នំពេញ៕

ក្រៅពីនេះ នៅព្រឹកមិញនេះ រដ្ឋសភាក៏សម្រេចផ្តល់សុពលភាពនៃអាណត្តិរបស់ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពផងដែរ ខណៈលោក ខឹម ច័ន្ទគិរី ត្រូវបានរដ្ឋសភាពបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក