វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សេចក្ដីព្រាងវិសោធនកម្មច្បាប់បង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្ត ត្រូវបានសភាអនុម័តទាំងស្រុង

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី ត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុងដោយសំឡេង ១០៦ លើ១០៦សំឡេង។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឱ្យ EAC News ដឹងថាបន្ទាប់ពីអនុម័តរួចច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័ត និងត្រូវឆ្លងក្រុមប្រឹក្សាធម្មនុញ្ញ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ លោកថាយ៉ាងតិចក៏១ខែដែរទើបច្បាប់នេះអាចត្រូវបានដាក់ឱ្យប្រើប្រាស់។

លោកថា៖ «ព្រឹកមិញយើងបានដាក់ជូនសម្ដេចពញាចក្រីចុះហត្ថលេខា។ យើងមិនពន្យាពេលទេ ធ្វើភ្លាមបញ្ជូនភ្លាម (ទៅព្រឹទ្ធសភា)»។

វិសោធនកម្មច្បាប់នេះនឹងបង្កើនចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ទៅចន្លោះពី៥ ទៅ៧នាក់ គណៈអភិបាលខេត្តនឹងត្រូវបង្កើនចន្លោះពី៧ ដល់១១រូប ខណៈគណៈអភិបាលរាជធានីនឹងត្រូវបង្កើនដល់ ១១រូប។ បើធៀបនឹងមាត្រាចាស់ចំនួននេះបានបង្កើនចន្លោះពី២ ទៅ៣នាក់។

នាយកប្រតិបត្តិសម័្ពន្ធគណនេយ្យភាពសង្គមលោក សន ជ័យ ថាការតម្លើងចំនួនគណៈអភិបាលខេត្ត និងរាជធានី គួរណាស់តែពិនិត្យមើលពីភាគចាំបាច់នៃខេត្ត ឬរាជធានីទាំងនោះ។ លោកបន្ថែមថាការតម្លើងចំនួនគណៈអភិបាលខេត្ត រាជធានី នៅពេលនេះមិនសូវសំខាន់នោះទេ ខណៈលោកជំរុញឱ្យបង្កើនចំនួនក្រុមប្រឹក្សាឃុំសង្កាត់វិញ ដោយថាឃុំ-សង្កាត់ជាអាជ្ញាធរមូលដ្ឋានដែលកៀកពលរដ្ឋបំផុត។

លោកថា៖ «បើទម្លាក់ការងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅបែងចែកគ្នាក្នុងការអនុវត្តការងារចាប់ពីថ្នាក់រាជធានីខេត្តចុះក្រោម ហើយអ្វីដែលគេចាប់អាម្មណ៍នោះគឺការបង្កើនសុវត្ថិភាព ការបង្កើននូវតម្រូវការផ្នែករដ្ឋបាល ផ្នែកជំនាញនៅឯឃុំ-សង្កាត់នោះ ព្រោះអីឃុំ-សង្កាត់នៅកៀកនឹងពលរដ្ឋ អញ្ចឹងបើរដ្ឋបាលឃុំ-សង្កាត់ធ្វើការបានល្អច្រើនគឺជារឿងមួយល្អសម្រាប់ពលរដ្ឋ។ តែយើងឃើញហើយរដ្ឋបាលឃុំសព្វថ្ងៃដូចនៅមិនទាន់លក្ខណពេញលេញជារដ្ឋបាលឃុំប៉ុន្មានទេ យើងឃើញហើយ សូម្បីតែនៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឃុំខ្លះក៏នៅមានការខ្វះខាតដែរ»។

សេចក្ដីព្រាងវិសោធនកម្មនេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបង្កើននេះគឺដើម្បីឆ្លើយតបនឹងការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋាភិបាលបានផ្ទេរមុខងារក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលថ្នាក់ក្រោម។

ក្រោយពីច្បាប់នេះឆ្លងកាត់សភា និងត្រូវព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ។

ថ្លែងបិទក្នុងពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរមុខងារកាន់តែច្រើនទៅរដ្ឋបាលថ្នាក់ក្រោមគឺជាកិច្ចការសំខាន់ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការពារហានិភ័យផ្សេងៗ។

សម្ដេចតេជោថ្លែងថា៖ «ក្នុងពេលដែលថ្នាក់មូលដ្ឋានកំពុងទទួលខុសត្រូវយើងឃើញថាថ្នាក់មូលដ្ឋានកំពុងតែខ្វះកម្លាំងដូច្នេះហើយបានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវនៅតាមក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ»។

បច្ចុប្បន្នក្នុងរាជធានី-ខេត្ត ចំនួន ២៥នៅកម្ពុជាមានគណៈអភិបាលចំនួនសរុប ១៧៥រូប (រាជធានី ខេត្ត នីមួយៗមានគណៈអភិបាលចំនួន ៧រូបស្មើគ្នា) ខណៈក្នុងក្រុង ស្រុក ខណ្ឌ ដែលមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប ១០២០រូប (ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក